កំពង់ធំ÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយឃុំក្តីដូង បានចួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅក្នុងកម្មវិធីវេទិកាសាធារណៈក្រុមរាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
កម្មវិធីវេទិកាសាធារណៈក្រុមការងាររាជរដ្ឋាភិបាលក៏មានការអញ្ជើញចូលរួមពីរឯកឧត្តម ទេពកេន វណ្ណក នអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកំពង់ស្វាយ និងឃុំក្តីដូង លោក ថូ ថាំង មេឃុំក្តីដូង ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត ក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង២០០នាក់ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅបរិវេណឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោក ថូ ថាំង មេឃុំក្តីដូង បានបញ្ជាក់ថាដោយអនុវត្តតាមគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋានភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្តីពីការអនុវត្តគោលនយោបាយទាំង៧ចំណុចមាន÷ ១. ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿនទុកចិត្ត។ ២. គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ។
៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍។ ៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។ ៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ៦. មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។ ៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងជំងឺឆ្លងរាត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។
លោកជំទាវ លំ គន្ធារី បានគូសបញ្ជាក់ថា វេទិកាសាធារណៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយជំរុញដល់ការអនុវត្តមុខងារគ្រប់ស្ថាប័នមានការពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។ ក្នុងនោះការពិនិត្យ និង ដោះស្រាយបញ្ហាសំណូមពរបស់ប្រជាពលរដ្ឋ នឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។
លោកជំទាវអភិបាលរងខេត្តកំពង់ធំ បានបន្ថែមទៀតថា វេទិកាសាធារណៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលប្រទេសកម្ពុជា អនុវត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលអនុវត្តទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់ម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយជំរុញឱ្យកម្ពុជាអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ ដោយបានឱ្យថ្នាក់ក្រោមជាតិ ទទួលយកនូវសំណូមពររបស់ប្រជាពលរដ្ឋមកដោះស្រាយបានទាន់ពេលវេលា។
សូមបញ្ជាក់ផងដែរថា សំណូមពររបស់បងប្អូនជាពលរដ្ឋនៅឃុំក្តីដូងមានចំនួន៨សំណូមពររួមមាន÷ផ្លូវមានចំនួន៣ខ្សែ ច្រាំងស្ទឹងចំនួន១ ប្រឡាយទឹកចំនួន១ សាងសង់មណ្ឌលសុខភាពចំនួន១ ស្ពាន/លូចំនួន១ និងសំណូមពរឱ្យឡានដឹកដីពេលសិស្សចេញពីសាលារៀន ត្រូវតែបន្ថយល្បឿនផងដែរ ៕អត្ថបទលោក ធូ កែវមុ ន្នី