ខេត្តកំពង់ធំ៖ ពិធីចុះហត្ថលេខាបន្តកិច្ចសហប្រតិបត្តិការ ក្នុងការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ពលីជីវិតក្នុងសម័យសង្គ្រាមនៅលើទឹកដីខេត្តកំពង់ធំ ដំណាក់កាលទី២៤ ក្នុងរដូវប្រាំង ឆ្នាំ២០២៤-២០២៥ ក្រោមអធិបតីភាពឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្ត ប្រធានគណៈកម្មការជំនាញជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅខេត្តកំពង់ធំ និងលោកវរសេនីយ៍ឯក ហ្វាម ខាន់ទាន់ អនុប្រធានយោធាខេត្ត និងជាអនុប្រធានគណៈកម្មការជំនាញរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ខេត្តប៊ិញភឿកនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ។
លោកវរសេនីយ៍ឯក ហ្វាម ខាន់ទាន់ បានថ្លែងអំណរគុណអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាជនកម្ពុជា ដែលបានសហការល្អលើវិស័យមនុស្សធម៌ ក្នុងការជួយផ្ដល់ព័ត៌មាននិងស្រាវជ្រាវជីកគាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ឲ្យបានវិលត្រឡប់ទៅកាន់មាតុភូមិវិញ។
ឯកឧត្តម ជា វ៉ាន់ចាន់ បានថ្លែងអំណរគុណ ចំពោះវីរភាពកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានសហការជាមួយកងទ័ពរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត អៀងសារី ខៀវសំផន នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងបានបន្តសហការជួយការពារទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍ប៉ុលពតវិលត្រឡប់មកវិញបាន ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការក្នុងការងារមនុស្សធម៌ ដើម្បីស្រាវជ្រាវ និងជីកគាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម នឹងធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសវៀតណាមវិញ ដែលក្រុមគ្រួសារសាច់ញាតិរបស់ពួកគាត់កំពុងរង់ចាំអដ្ឋិធាតុនៅឯប្រទេសកំណើត៕
គួរបញ្ជាក់ផងដែរ តាមរយៈរបាយការណ៍អំពីលទ្ធផលនៃការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅខេត្តកំពង់ធំ ក្នុងរយៈពេលកន្លងមកបានចំនួន ១.១៦៤អដ្ឋិធាតុ នឹងបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញរួចហើយ ៕
អត្ថបទ និងរូបភាពដោយ យីម ប៊ុន ហ័រ .ពិនិត្យដោយអ៊ុមញឹប