ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ពិនិត្យមើលការសាងសង់ផ្ទះថ្មី និងសួរសុខទុក្ខអតីតយុទ្ធជន ដែលទើបមករស់នៅថ្មី លើដីសម្បទានសង្គមកិច្ច

0

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អមដំណើរ​ដោយ​លោក ​ជុំ​ វិរៈ​ អភិបាល​រង​ស្រុក​សន្ទុក​ បានដឹកនាំសហការី ទៅពិនិត្យមើលការសាងសង់ផ្ទះថ្មី លើដីសម្បទានសង្គមកិច្ច ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងសាកសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជន ដែលទើបមករស់នៅថ្មី នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយបានការយកចិត្តទុកដាក់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម ។ កន្លងមកនេះ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត លោកបានផ្ដល់ជូនអតីតយុទ្ធជនចំនួន១៤១គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត  មានផ្ទះចំនួនមួយខ្នងទំហំ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ មានបង្គន់អនាម័យ ព្រមទាំងបានផ្ដល់ដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារចំនួន ១ហិកតាកន្លះ ជូនដល់បងប្អូនក្រុមគ្រួសារ អតីតយុទ្ធជន មានរយៈពេលជាង៣ ឆ្នាំកន្លងមកហើយ។ ដោយឡែកបច្ចុប្បន្ននេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្ដេចបានផ្ដល់ផ្ទះចំនួន៦៥ខ្នង និងដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារ ១ហិកតា ជូនដល់ក្រុមគ្រួសារតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន ៦៥គ្រួសារថ្មីទៀត  ដែលកំពុងដំណើរការសាងសង់ ហេីយបងប្អូនអតីតយុទ្ធជនបានមករស់នៅជាបន្តបន្ទាប់រួចមកហេីយនៅថ្ងៃនេះ។

នៅក្នុងឱកាសំណេះសំណាលសាកសួរសុខទុក្ខ និងត្រួតពិនិត្យការសាងសង់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ មួយចំនួន ដែលជាអំណោយមនុស្សធម៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជន ផងដែរ។

អតីតយុទ្ធជន ដែលបានមករស់នៅថ្មី នៅលើដីសម្បទានសង្គមកិច្ច បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាតជូនពួកគាត់គ្រប់បែបយ៉ាងនាពេលកន្លងមក និងសូមគោរពជូនពរសម្ដេច និងលោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោសោមស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕អត្ថបទ វេហាស៍