បន្ទាយមានជ័យ៖នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បើកកិច្ច ពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ និងចងសម្ព័ន្ធមេត្រីភាពជាមួយអគ្គកុងស៊ុលនៃព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាប នៅថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៤ ។
ភាគីកម្ពុជា ៖ ដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ ស៊ីម៉េត ដោយមានការចូលរួមពីលោកនាយរងប៉ុស្តិ៍ នាយផ្នែក-នាយរងផ្នែក និងមន្ត្រីអង្គភាពទេសចរ ។
ភាគីថៃ ៖ដឹកនាំដោយឯកឧត្ដម ប៉ាសុគុណ ធៀរ៉ា អ៊ុតាខន PASUKUN TEERA-OUTAKORN អគ្គកុងស៊ុលនៃព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធមួយចំនួន និងនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ។
កិច្ចពិភាក្សាបានផ្ដោតការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការ និងការទប់ស្កាត់ការជួញដូរមនុស្សខុសច្បាប់ ពិសេសចំពោះពលរដ្ឋថៃ ដែលស្នាក់នៅធ្វើការងារតាមក្រុមហ៊ុននានាក្នុងក្រុងប៉ោយប៉ែត ពេលពួកគាត់ជួបនឹងបញ្ហាផ្សេងៗត្រូវផ្ដល់ព័ត៌មានជូនគ្នាទៅវិញទៅមក ដើម្បីរួមគ្នាដោះស្រាយ និងការពារសុវត្ថិភាពជូនពួកគាត់ ។
ក្នុងនោះដែរ ឯកឧត្ដម ប៉ាសុគុណ ធៀរ៉ា អ៊ុតាខន PASUKUN TEERA-OUTAKORN បានសំណូមពរមកភាគីកម្ពុជាពេលដែលបញ្ជូនពលរដ្ឋថៃចេញពីប្រទេស សូមផ្ដល់ព័ត៌មាន ចំនួន ០៣ថ្ងៃមុន ដើម្បីភាគីថៃរៀបចំក្រុមការងារទទួលយកពលរដ្ឋខ្លួនបានទាន់ពេលវេលា។ដោយ៖ឃិន គន្ធា