សៀមរាប : កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានចាប់ឃាត់ខ្លួនជនសង្ស័យភេទប្រុសម្នាក់នេះមានឈ្មោះសាន់ អូន អាយុ ៣៧ ឆ្នាំ យកមកកាន់ការិយាល័យជំនាញដើម្បីធ្វើការសួនាំជាប់ពាក់ព័ន្ធក្នុងករណីអំពើលួចយកម៉ូតូរបស់ជនរងគ្រោះ ពី
ខេត្តឩត្តរមានជ័យ ។ សមត្ថកិច្ចបានអោយដឹងថាដោយអនុវត្តតាមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់លោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាដើម្បីធ្វើអោយការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពអោយកាន់តែមានប្រសិទ្ធខ្ពស់ផងនោះ ទើបជាក់ស្តែងជនសង្ស័យភេទប្រុសម្នាក់នេះមិនអាចរត់គេចពីសមត្ថកិច្ចជំនាញបានឡើយ ។
ដោយសមត្ថកិច្ចបានបញ្ជាក់ថានៅថ្ងៃទី២៧ តុលា កន្លងទៅនេះជនសង្ស័យបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះដែលមានម៉ាកស្មាស កូន កាត់ ពណ៍ក្រហមលាយខ្មៅទុកនៅក្រោមផ្ទះស្ថិតនៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឩត្តរមានជ័យ រួចបើករត់គេចយកមកលក់ក្នុងស្រុកសូទ្រនិគមន៍ខេត្តសៀមរាបក្នុងតម្លៃ១០ម៉ឺនរៀលក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានតែម្តង ។
កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបន្តអោយដឹងទៀតថាដោយយោងតាមពាក្យបណ្តឹងពីជនរងគ្រោះក៏ដូចជាបានការសហការណ៍គ្នាដ៏ល្អពីសំណាក់កម្លាំងនគរបាលស្រុកត្រពាំងប្រាសាទ ខេត្តឩត្តរមានជ័យជាមួយកម្លាំងនគរបាលខេត្តសៀមរាបនោះទើបមុខសញ្ញាជាចោរលួចម៉ូតូរបស់ជនរងគ្រោះដែលមានម៉ាកស្មាស កូន កាត់ ពណ៍ក្រហមលាយខ្មៅនេះមិនអាចរត់គេចពីសមត្ថកិច្ចជំនាញឡើយ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចចំណាត់ការទៅតាមនិតិវិធីជាបន្តដោយឡែកម៉ូតូជាវត្ថុតាងត្រូវបានប្រគល់ទៅសមត្ថកិច្ចស្រុកត្រពាំងប្រាសាទ ខេត្តឩត្តរមានជ័យកាលពីរសៀលថ្ងៃទី២៩ខែតុលានេះដើម្បីប្រគល់ទៅអោយម្ចាស់ដើមវិញ ៕ដោយ ខេង ខេមរា