ខេត្តកំពត: រដ្ឋលេខាធិការក្រសួងទេសចរណ៍បានណែនាំដល់ អង្គភាពច្រកចេញតែមួយរដ្ឋបាលខេត្ត មន្ទីរទេសចរណ៍រាជធានីខេត្ត រដ្ឋបាលក្រុងស្រុកខណ្ឌ សូមយកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូនប្រតិបត្តិករទេសចរណ៍ ប្រកបដោយតម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ដើម្បីឲ្យអ្នកមកទទួលសេវាមានភាពរីករាយ ត្រេកអរនិងពេញចិត្តចូលរួមគាំទ្រនូវកិច្ចដំណើរការអនុវត្តមុខងារក្នុងការផ្តល់សេវា និងមកទទួលសេវានៅអង្គភាព និងការិយាល័យច្រកចេញចូលតែមួយ។
ថ្លែងក្នុងអង្គសិក្ខាសាលាស្តីពីការត្រួតពិនិត្យ និងវាយតម្លៃការដាក់ឲ្យអនុវត្ត មុខងារដែលបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានរៀបចំធ្វើឡើងនៅសាលាខេត្តកំពត នាព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តម ដួង វីរៈ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានមានប្រសាសន៍ ដើម្បីបង្កើនប្រសិទ្ធភាព បង្កភាពងាយស្រួលក្នុងការផ្តល់និង ទទួលសេវារដល់ប្រតិបត្តិករទេសចរណ៍នៅតាមបណ្តាខេត្តនីមួយៗ ក្រសួងទេសចរណ៍បានធ្វើកំណែទម្រង់ និងបានចេញនូវសេចក្តីណែនាំ ក្នុងការផ្ទេរមុខងារមួយចំនួន ទៅឲ្យរដ្ឋបាលថ្នា់ក់ក្រោមជាតិអនុវត្ត។ ហើយកន្លងមករដ្ឋបាលខេត្តភាគច្រើនធ្វើបានល្អ ចំពោះ ទទួល និងផ្តល់សេវា នៅអង្គភាពច្រកចេញចូលតែមួយ តែការអនុវត្តមុខងារនៅតាមការិយាល័យច្រកចេញចូលតែមួយតាមបណ្តាក្រុងស្រុក ហាក់មិនទាន់មានដំណើរការល្អនៅឡើយ។ ដូច្នេះ ឯកឧត្តមបានណែនាំឲ្យ មន្ទីរទេសចរណ៍ អង្គភាព និងការិយាល័យច្រកចេញចូលតែមួយ ធ្វើយ៉ាងណាពង្រឹងការអនុវត្តមុខងាររបស់ខ្លួន ឲ្យមានប្រសិទ្ធភាព តម្លាភាព សមធម៌ និងបរិយាបន្ន ។
នៅក្នុងអង្គសិក្ខាសាលានោះដែរ ក៏មានការធ្វើបទបង្ហាញអំពីវឌ្ឍនភាពវិស័យទេសចរណ៍របស់បណ្តាខេត្តចំនួន៥ ដើម្បីចែករំលែកបទពិសោធន៍ ក៏ដូចជាសិក្សាស្វែងយល់ អំពីចំណុចខ្លាំង និងចំណុចខ្វះខាត ដើម្បីរួមគ្នាដោះស្រាយ និងស្នើសុំគោលការណ៍បន្ថែម ទៅក្រសួងទេសចរណ៍ ក្នុងគោលបំណងធ្វើយ៉ាងណារួមគ្នាឈានទៅសម្រេចចក្ខុវិស័យ ក៏ដូចជាយុទ្ធនាការ របស់ក្រសួងទេសចរណ៍ ដែលបានដាក់ចុះ “ម្នាក់ៗគឺជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់” និងយុទ្ធនាការ “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ដើម្បីទេសចរណ៍” ដោយផ្តើមចេញសំខាន់ដំបូងគេ ពីប្រតិបត្តិករទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបាន និងកំពុងតែប្រកបរបររកស៊ីទទួលទានលើវិស័យនេះ៕ សេង ណារិទ្ធ