កំពង់ធំ៖ នារសៀលថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤ នៅភោជនីយដ្ឋានឡូវគឹមសេង សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានប្រព្រឹត្តទៅពិធីប្រកាសឯកឧត្តម ងួន រាសី ជាប្រធាន និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។
កម្មវិធីនេះមានការចូលរួមពីឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល និងអនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ដ៏ខ្ពង់ខ្ពស់តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល។ ក៏ដូចជាឯកឧត្តម នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល និងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយសមាជិកគណបក្សក្នុងតំបន់នានា ក្រុមការងារយុវជន និងសិស្សានុសិស្សចំនួន ៥៥៥ នាក់។
ប្រសាសន៍ដឹកនាំឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានលើកឡើងថា ការអនុវត្តផែនការដឹកនាំសម្រាប់ការបោះឆ្នោតនាពេលខាងមុខត្រូវការបន្តពង្រឹងសមាជិកគណបក្ស ឱ្យសម្រេចបានពី ៧៥% ទៅ ៨០% នៃបញ្ជីបោះឆ្នោតតាមការកំណត់។ ក្រុមការងារគណបក្សត្រូវប្រឹងប្រែងកសាងសមាជិកបក្សចំណាកស្រុក និងពង្រឹងទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដោយចាប់ផ្តើមពីការចុះជួបសួរសុខទុក្ខ ដោះស្រាយបញ្ហា និងជំរុញការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់សមាជិកបក្សមិនទាន់មាន។
ឯកឧត្តម ងួន រាសី បានប្រកាសប្តេជ្ញាចិត្តដើម្បីជួយដឹកនាំយុវជនខេត្តកំពង់ធំឱ្យបន្តកាន់តែរឹងមាំ ក្នុងចលនាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយផ្តោតលើ៖
1. អនុវត្តនូវគោលការណ៍ បទបញ្ជា និងសេចក្តីសម្រេចរបស់គណបក្ស។
2. ថែរក្សាឱ្យបាននូវសាមគ្គីភាព និងឯកភាពរបស់គណបក្ស។
3. ស្ថាបនាស្ថេរភាពនយោបាយ និងសន្តិភាពក្នុងសង្គម។
4. អនុវត្តកម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិ។
5. បង្កើនសហប្រតិបត្តិការ និងពង្រឹងសមត្ថភាពយុវជនក្នុងប្រព័ន្ធជាតិនិងអន្តរជាតិ។
កម្មវិធីនេះ បានបង្ហាញពីការចូលរួមយ៉ាងសកម្មនៃយុវជនក្នុងការរួមចំណែកអភិវឌ្ឍគណបក្ស និងប្រទេសជាតិឱ្យកាន់តែរីកចម្រើន និងរឹងមាំក្នុងយុគសម័យថ្មី៕
ដោយប៊ុនរដ្ឋា