ខេត្តកំពង់ធំ: នៅរសៀលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី បានអញ្ជើញចូលរួមក្នុងពិធីដង្ហែព្រះពុទ្ធបដិមាករចំនួន ៥ អង្គ និងពុទ្ធាភិសេកនៅវត្តឥន្ទកុមារ ដែលស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងកម្មវិធីនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងសរសើរដ៏កប់ក្តោងចំពោះព្រះតេជគណ យាន ស្រេង ព្រះគ្រូចៅអធិការវត្តឥន្ទកុមារ ដែលបានដឹកនាំយ៉ាងឧស្សាហ៍ព្យាយាមក្នុងការអភិវឌ្ឍសមិទ្ធផលសំខាន់ៗនៅវត្ត ដូចជា របងថ្មព័ទ្ធជុំវិញវត្ត ក្លោងទ្វារ ផ្លូវបេតុង ស្រះទឹក និងសមិទ្ធផលផ្សេងៗជាច្រើន។
នៅក្នុងពិធីនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី បានប្រគេនអំណោយទានដ៏មានតម្លៃ ដែលជាការផ្តល់ជូនពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ អំណោយនេះរួមមាន អង្ករចំនួន ២៥០ គីឡូក្រាម មីជាតិ ១០ កេស ត្រីខ ១០ យួរ ទឹកត្រីទឹកស៊ីអ៊ីវ ១០ យួរ និងថវិកាចំនួនមួយដែលមានន័យសំខាន់ក្នុងការគាំទ្រព្រះពុទ្ធសាសនា។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងថា ក្រោមស្ថានភាពសុខសន្តិភាពរបស់ប្រទេសជាតិ ក្នុងការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រទេសកម្ពុជាបានឈានទៅកាន់ការរីកចម្រើនលើគ្រប់វិស័យជាពិសេសវិស័យព្រះពុទ្ធសាសនា ដែលសព្វថ្ងៃមានវត្តអារាមជាង ៥,០០០ វត្ត និងព្រះសង្ឃជាង ៧ ម៉ឺនអង្គ។
ព្រះតេជគណ យាន ស្រេង បានថ្លែងអំណរគុណចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជាពិសេសឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលតែងតែបានសហការជួយសង្គ្រោះជីវភាពប្រជាជន និងអតីតយុទ្ធជននៅតាមមូលដ្ឋាន។ ព្រះតេជគណបានជូនពរ សម្តេច និងលោកជំទាវទាំងអស់ឲ្យប្រកបដោយសេចក្តីសុខ សេរីភាព និងជោគជ័យគ្រប់ការងារ៕