ព្រះវិហារ៖ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្ដព្រះវិហារ បានឱ្យដឹងថា ខេត្តព្រះវិហារ និងបន្តស្វែងរកវិនិយោគទុន ដើម្បីវិនិយោគលើផលិតផលសិរីរាង្គរបស់កម្ពុជា ដែលមានស្រូវ ដំឡូងមី និងស្វាយចន្ទីជាដើម។
ថ្លែងប្រាប់ក្នុងអ្នកយកព័ត៌មានក្នុងដំណើរទស្សនកិច្ចស្វែងយល់ពីកសិអេកូឡូស៊ី នៅខេត្តព្រះវិហារ កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤ថា លោក ពឹង ទ្រីដា បញ្ជាក់ថា ខេត្តព្រះវិហារ គឺជាខេត្តដែលមានសក្តានុពលធ្វើកសិកម្មសរីរាង្គដែលមាន៖ ស្រូវ ដំឡូងមី ស្វាយចន្ទី ដើម្បីឆ្លើយតបម្រូវការផលិតផលដែលមានគុណភាព និងទីផ្សារនៅសហគមន៍អឺរ៉ុប និងអាមេរិក។
លោកមានប្រសាសន៍ថា៖«មានក្រុមហ៊ុនមួយចំនួនកំពុងធ្វើការបញ្ជាទិញស្រូវ ដំឡូងមី និងស្វាយចន្ទីរពីកម្ពុជា ហើយយើងកំពុងស្វែងរកក្រុមហ៊ុនបន្ថែមទៀតសម្រាប់ការវិនិយោគលើដំណាំ៣ប្រភេទនេះ ហើយឥឡូវកំពុងតែដំណើរការលើផលិតផលដែលមានស្រាប់ហើយអាចពង្រីកទៅថ្ងៃមុខតាមស្ថានភាពជាក់ស្តែង»។
លោកពឹង ទ្រីដា បន្ថែមថា ដើម្បីសម្រេចបានលើកគោលដៅនេះ បច្ចុប្បន្នប្រជាពលរដ្ឋនៅទូទាំងខេត្តដែលដាំដំណាំសេរីរាង្គ បានកើនឡើងដល់ជិត៥ពាន់គ្រួសារ លើផ្ទៃដីប្រមាណជាង២ម៉ឺនហិកតា បន្ទាប់ពីខេត្តព្រះវិហារជាខេត្តដែលមានសក្តានុពលធ្វើកសិកម្មសរីរាង្គ និងជាខេត្តផ្គត់ផ្គង់កសិផលសរីរាង្គច្រើនជាងគេនៅប្រទេកម្ពុជា ក្នុងនោះមានដំណាំស្រូវ ដំឡូង ចន្ទី កៅស៊ូ សណ្តែកដី និងដំណាំផ្សេងៗទៀត ដែលផ្សាភ្ជាប់ទៅក្រុមហ៊ុនដែលជាតម្រូវការផលិតផលដែលមានគុណភាព ដែលជាផលិតផលសរីរាង្គ។
សូមបញ្ចាក់ថា កាលពីឆ្នាំ២០១៣ អ្នកដាំដំណាំសេរីរាង្គមានតែប្រមាណតែ១០០គ្រួសារ ដែលប្រមូលមិនបាន១ពាន់តោនផងនាំចេញទៅទីផ្សាអឺរ៉ុប ប៉ុន្តែពីមួយឆ្នាំ ទៅមួយឆ្នាំបងប្អូនយល់ថា ការដាំដំណាំសរីរាង្គប្រជាពលរដ្ឋយល់ថា មានគុណតម្លៃ ហើយចំណេញ គាត់អាចធ្វើបាន គាត់បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន។ រហូតមកដល់ពេលនេះប្រជាពលរដ្ឋដែលដាំដំណាំសរីរាង្គមាន ពីរ១០០គ្រួសារ ទៅជិត៥ ០០០គ្រួសារ លើផ្ទៃដីពី៣០០ ហិកតា ទៅជាង២ម៉ឺនហិកតា។
បន្ថែមពីនេះ គម្រោងអាសីតបានធ្វើការគាំទ្រ និងជំរុញការធ្វើប្រពលវប្បកម្មផ្អែកលើគោលការណ៍កសិអេកូឡូស៊ី ដើម្បីឱ្យប្រព័ន្ធស្បៀងអាហារ និងកសិកម្មមាននិរន្តរ៍ភាព សុវត្ថិភាព និងបរិយាប័ន្ន ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាមន្ទីរកសិកម្ម និងរដ្ឋបាលខេត្តក្នុងការបង្កើនផលិតភាពដំណាំ កាត់បន្ថយចំណាយបង្កើនប្រាក់ចំណេញ ពង្រឹងសមត្ថភាពបន្សាំនឹងការប្រែប្រួលអាកាសធាតុការទទួលបានទីផ្សារត្រឹមត្រូវ និងការក្សាតម្លៃទីផ្សារ តាមរយៈកសិកម្មកិច្ចសន្យា ព្រមទាំងការថែរក្សាធនធានធម្មជាតិ និងបរិស្ថានធានាការរស់នៅពីភាពរីកចម្រើន ជីវភាពរបស់កសិករ៕