កំពង់ធំ៖ នៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច មានរៀបចំកម្មវិធីប្រគល់-ទទួលអំណោយកាតាបចំនួន១២.០០០កញ្ចប់ និងកង់ចំនួន២.០០០គ្រឿងពីមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល ស្ថិតនៅបរិវេណសាលាបឋមសិក្សាបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។
ថ្លែងទៅកាន់អង្គពិធីដែលមានអ្នកចូលរួមប្រមាណ២៥០នាក់ លោក អ៉ឹម វ៉ាន់នី អនុប្រធាន មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ បានរំលេចថា រយៈពេលពីរឆ្នាំនេះ (ឆ្នាំ២០២៣ និង ឆ្នាំ២០២៤) ដោយមានការគាំទ្រពីវេទិកាសម្ព័ន្ធសង្គមស៊ីវិលខេត្តកំពង់ធំទទួលបានអំណោយពីមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)នូវកាតាបចំនួន៥.៣០៨កញ្ចប់ និងកង់ចំនួន១.២៩៦គ្រឿង។ អំណោយទាំងនេះបានរួមចំណែកយ៉ាងសកម្មដល់ការសិក្សារបស់សិស្សានុសិស្ស ព្រមទាំងបានរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តកំពង់ធំថែមទៀតផង។
ក្នុងនាមម្ចាស់អំណោយកង់និងកាតាប លោក Zhang Shenyue ប្រធានកម្មវិធីគម្រោងរបស់មូលនិធិចិនដើម្បីអភិវឌ្ឍនជនបទ(CFRD)បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការពីអង្គពាក់ព័ន្ធនានាក្រោមទម្រង់ដ៏រឹងមាំនៃកិច្ចគាំទ្រពីវេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានជួយសម្របសម្រួលដល់បេសកកម្មការងាររបស់CFRDក្នុងការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រជាជននិងប្រជាជន។
ឯកឧត្តម ញឹក បានខេង អភិបាលខេត្តកំពង់ធំលើកទឹកចិត្តសិស្សដែលទទួលអំណោយកាតាបនិងកង់ពីមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គស៊ីវិលសូមជួយថែរក្សា និងប្រើប្រាស់ឱ្យបានយូរអង្វែង និងបង្កើនការរួមចំណែកពន្លាតស្មារតីនៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន។
នៅក្នុងឱកាសនេះឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានថ្លែងថាចាប់ពីឆ្នាំ២០១៨មកមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD) គឺជាដៃគូដ៏សំខាន់របស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងការផ្តល់អំណោយកាតាប១៦៧.៥៣៤កញ្ចប់ និងកង់ចំនួន៥.០២៦គ្រឿង ជូនដល់សិស្សានុសិស្សនៅជនបទចំនួន២២ខេត្ត។ បេសកកម្មនេះមិនត្រឹមរួមចំណែករឹតបន្តឹងចំណងមេត្រីភាពនៃទំនាក់ទំនងប្រជាជន និងប្រជាជនកម្ពុជានិងចិនប៉ុណ្ណោះទេ ថែមទាំងផ្តល់ការលើកទឹកចិត្តដល់ការសិក្សារបស់សិស្សានុសិស្សស្របតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមក៏បានបន្ថែមថា សមិទ្ធផលដែលផ្តល់បច្ច័យល្អដល់ការរៀបចំពិធីនាថ្ងៃនេះ គឺកើតឡើងពីហេតុផលសំខាន់ចំនួន៣រួមមាន៖ ១-កត្តាសន្តិភាពពេញបរិបូរណ៍ ស្ថិរភាពនយោបាយនិងសេដ្ឋកិច្ចដែលសម្រេចបានដោយការលះបង់សាច់ស្រស់ ឈាមស្រស់ ទាំងកម្លាំងកាយ កម្លាំងចិត្តរបស់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំ ព្រមទាំងការដឹកនាំប្រកបដោយគតិបណ្ឌិតដោយមានគោលនយោបាយដឹកនាំប្រទេសដ៏ត្រឹមត្រូវគ្រប់អាណត្តិដោយតម្កល់ផលប្រយោជន៍ប្រជាជនជាស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន។ ២-ទំនាក់ទំនងជាប្រពៃណីល្អរវាងកម្ពុជានិងចិនឈានដល់កម្រិតមិត្តភាពដែកថែបដែលជាកិច្ចខិតខំប្រឹងប្រែងពូនជ្រុំដោយថ្នាក់ដឹកនាំតាំងពីជំនាន់មុនៗរហូតដល់ពេលបច្ចុប្បន្នដែលបានបង្កបរិយាកាសដល់វិស័យឯកជន ក៏ដូចជាសង្គមស៊ីវិលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំ។ និង៣-ការចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពីអាណាព្យាបាល លោកគ្រូ-អ្នកគ្រូ ដែលបានចិញ្ចឹមបីបាច់ និងបង្ហាត់បង្រៀនដល់សិស្សានុសិស្ស ៕អត្ថបទលោក ធូ កែវមុន្នី