អគ្គិភ័យបានលេបត្របាក់សាលាឆាន់មួយខ្នង ខូចខាតសម្ភារៈគិតជាទឹកប្រាក់អស់ប្រមាណ ២៥ម៉ឺនដុល្លារ

0

ដោយ៖ឡុង សំបូរ
ខេត្តក្រចេះ៖ ភ្លើងបានឆាប់ចេះសាលាឆាន់ កុដិព្រះសង្ឃ បដិមាករ រួមទាំងសម្ភារៈនានាជាច្រើនទៀត នៅក្នុងវត្តដំរីផុង បណ្តាលឱ្យរងការខូចខាត និងបាត់បង់គិតជាទឹកប្រាក់ សរុបប្រមាណ ២៥ ម៉ឺនដុល្លារ នៅក្នុងហេតុការណ៍មួយដែលបានកើតឡើង នៅវេលាម៉ោង ៦ និង ៣០នាទីព្រលប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតក្នុងភូមិបុស្ស ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ។
អធិការនគរបាលស្រុកឆ្លូង លោកវរសេនីយ៍ ឆុង តូរ៉ាន់ បានឱ្យថា មូលហេតុនៃការឆាបឆេះសាលាឆាន់ខាងលើនេះ គឺកើតឡើងដោយសារផ្ទុះកំប៉ុងហ្គាសពីចង្ក្រាន ខណៈលោកសង្ឃបានដាក់ដាំទឹកឆាន់ ហើយនៅលើសាលាឆាន់នោះក៏មានប្រេងសាំង ៣០កាន ដែលពុទ្ធបរិស័ទយកមកប្រគេន គ្រាន់ប្រើប្រាស់ក្នុងវត្ត ទើបសភាពនៃការឆាបឆេះលឿនបែបនេះ។
លោកអធិការបានបន្តថា នៅក្នុងហេតុការណ៍នោះ មានប្រជាពលរដ្ឋជាច្រើនបានចូលរួមយ៉ាងសស្រាក់សស្រាំ និងកម្លាំងធអិការដ្ឋាននគរបាលស្រុកឆ្លូង បានបញ្ចេញរថយន្តសង្គ្រោះអគ្គិភ័យបាញ់ទឹកពន្លត់អស់ ៤រថយន្ត និងប្រើប្រាស់ធុងបាញ់ថ្នាំប្រហែល ១០០ធុង ដាក់ទឹកជួយបាញ់ពន្លត់ ទើបទប់ស្កាត់មិនឱ្យឆេះរាលដាលទៅកន្លែងផ្សេងទៀត ។
លោកអធិការបានបញ្ជាក់ថា ចំពោះការខូចខាតដែលបណ្តាលពីអគ្គិភ័យខាងលើនេះ រួមមាន៖ ឆេះសាលាឆាន់ ០១ខ្នង ទំហំ ១៥ម៉ែត្រ គុណ ២៥ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង ឆេះកុដិព្រះសង្ឃ ០១ខ្នង ទំហំ ៦.៥ម៉ែត្រ x ១៣ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង និងឆេះរូបបដិមាករ ០៨អង្គ និងសម្ភារប្រើប្រាស់មួយចំនួនធំទៀត ដែលសរុបជាទឹកប្រាក់អស់ប្រមាណ ២៥ម៉ឺនដុល្លារ៕