ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចំនួន៤គោលដៅ តំបន់ព្រៃឡង់

0

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ ពង្រឹងតួនាទីភារកិច្ច និងនាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ជំទាវ​បណ្ឌិត​ ពេជ​ ចន្ទ​មុន្នី​ តាម​រយៈ​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​ ម៉ៅ​ សុផាន់​ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កង​ទ័ព​ជើង​គោក​និង​ឯក​ឧត្ដម​ នួន​ ផារ័ត្ន​ អភិបាល​ខេត្ត​កំពង់​ធំ​ ជូនដល់កងកម្លាំងចម្រុះ ដែលកំពុងបំពេញភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅទីបញ្ជាការស្រាលទាំង៤គោលដៅ ស្ថិតក្នុងភូមិសាស្ត្រតំបន់ព្រៃឡង់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់សម្តេច​មហាបវរធិបតី​ និង​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ នៃ​កងយោធពលខេមរភូមិន្ទ​ ព្រមទាំងឯកឧត្តម​អភិបាល​ខេត្ត​ និង​បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងចម្រុះទាំងអស់ ដែលបានសហការគ្នាក្នុងការបំពេញភារកិច្ចក្នុងរយ:ពេលកន្លងទៅនេះ ទទួលបានជោគជ័យគួរជាទីមោទនៈ ដោយយើងបានការពារទប់ស្កាត់មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋធ្វើជាកម្មសិទ្ធិ បានឡើយ ហើយជាមួយនោះដែរ យើងបានរកឃើញផ្ទៃដីដែលលួចកាប់បន្ទ្រាននាពេលកន្លងទៅជាង២,៥០០ ហិកតា និង​បាន​ចាប់ឃាត់ខ្លួនជនកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែងមួយចំនួនបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ហើយផ្ទៃដីដែលរឹបអូសបាន យើងការពារមិនឱ្យមានការបាត់បង់ ព្រមទាំងបានដាំស្ដារព្រៃឈើឡើងវិញ បានប្រមាណជាង៥​ ម៉ឺនដើមផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ច ជូនកងកម្លាំងចម្រុះទាំងអស់ ត្រូវប្ដេជ្ញាចិត្តដាច់ខាតការពារទប់ស្កាត់ឲ្យបាន មិនឲ្យមានការកាប់ទន្ទ្រានជាថ្មីទៀតបានជាដាច់ខាត ពិសេសក្នុងរដូវប្រាំងនេះ ហើយត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះជនទាំងឡាយណា ដែលនៅតែបំពានកាប់ទន្ទ្រានព្រៃឈើបំផ្លាញធនធានធម្មជាតិ ដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង ដើម្បីចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស ដោយគ្មានការលើកលែងឡើយ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនប្រេងសាំងចំនួន ៥០០លីត្រ អង្ករចំនួន៤០០គីឡូក្រាម មីជាតិចំនួន២០កេស ត្រីខកំប៉ុងចំនួន២ កេស និងទឹកត្រីទឹកស៊ីអ៊ីវចំនួន៨យូរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជូនដល់កងកម្លាំងចម្រុះ ដើម្បីបន្តសកម្មភាព ដោយគ្មានការដកថយឡើយ ៕