កំពង់ធំ៖ ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤) អង្គកម្ពុជាដើម្បីជួយស្រ្តីមានវប្បភាព (អកសវ) ប្រចាំខេត្តកំពង់ធំ បានសហការជាមួយអាជ្ញាធរស្រុកកំពង់ស្វាយ និងមូលនិធិ AoP រៀបចំកម្មវិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខួបលើកទី ១៨។ កម្មវិធីនេះមានប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល ២០២៤”។
កម្មវិធីបានប្រារព្ធឡើងនៅសាលាឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ក្រោមអធិបតីភាពលោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ធំ។ វាត្រូវបានចូលរួមដោយមន្ត្រីរាជការ អង្គការដៃគូ គ្រូ អ្នកគ្រូ សិស្សនិស្សិត និងប្រជាពលរដ្ឋចំនួន ៣០៣ នាក់ (ស្រី ១៨២ នាក់)។
គោលបំណងនៃកម្មវិធីនេះផ្តោតលើការបង្កើនការយល់ដឹងអំពីអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចគ្រប់ទម្រង់ ជាពិសេសកុមារ។ ក៏ដូចជា ផ្តោតលើផលវិបាកនៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន។ វាក៏ជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។
លោកធន ជ្រឿន ប្រធានសម្របសម្រួលអង្គការអកសវ បានលើកឡើងថា អំពើជួញដូរមនុស្សបានបង្កការបាក់បែកសន្តិសុខមនុស្សជាតិដោយរំលោភសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ។ លោកក៏បង្ហាញថា ក្រុមគ្រួសារដែលមានជីវភាពលំបាក ជាពិសេសក្នុងសហគមន៍ ទទួលផលវិបាកច្រើនជាងគេ។
លោកជំទាវបានទស្សនៈថា គម្រោង WARM ផ្តោតលើការបង្ការចំណាកស្រុកដោយប្រថុយប្រថាន និងការជួញដូរមនុស្ស។ លោកជំទាវក៏បានលើកឡើងថា ការបង្កើតបណ្តាញការពារសហគមន៍ (CBPNs) មានសារៈសំខាន់ក្នុងការកសាងសុវត្ថិភាព និងការយល់ដឹងដល់ប្រជាពលរដ្ឋ អោយចូលរួមក្នុងការបង្ការនិងរាយការណ៍អំពើជួញដូរមនុស្ស។
កម្មវិធីបានបញ្ចប់ដោយការចែករំលែកសេចក្តីស្រឡាញ់ និងការប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងប្រទេសកម្ពុជា៕ ដោយ ធូ កែវមន្នី