ចំណូលនៃការនាំចេញកសិផល៣មុខរបស់ខេត្តព្រះវិហារមានជាង១៧០លានដុល្លារ

0

​ខេត្តព្រះវិហារ៖ ចំណូលនៃការនាំចេញកសិផល៣មុខរបស់ខេត្តព្រះវិហារ ទៅកាន់ទីផ្សារអន្តរជាតិ​មានប្រមាណ១៧០លានដុល្លារអាមេរិក គិតត្រឹមរយៈពេល១២ខែ ចុងឆ្នាំ២០២៤នេះ។

នៅក្នុងដំណើរទស្សនកិច្ចសិក្សារបស់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ពឹង ទ្រីដា ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដព្រះវិហារបានឱ្យដឹងថា ប្រជាកសិករនៅក្នុងខេត្តព្រះវិហារ បានអនុវត្តន៍ការដាំដំណាំគ្រប់ប្រភេទ សម្រាប់ធ្វើការផ្គត់ផ្គង់នៅក្នុងខេត្ត ប៉ុន្តែក្នុងនោះផលិផលកសិកម្មសំខាន់ៗចំនួន៣មុខដែលមាន៖ ស្រូវ ដំឡូងមី និងស្វាយចន្ទីជាដើមនេះ គឺកំពុងពេញនិយមក្នុងការបញ្ជាទិញពីបណ្តាប្រទេសជិតខាង។

លោកពឹង ទ្រីដា មានប្រសាសន៍ថា ដំណាំដំឡូងមី ក៏ជាដំណាំដែលមានសក្តានុពលមួយរបស់ខេត្តមិនចាញ់ដំណាំស្រូវប៉ុន្មានដែរ ខណៈបច្ចុប្បន្នខេត្តមានផ្ទៃដីដាំដុះដំឡូងមីជាង៥ម៉ឺនហិកតា ដោយបាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសដោយគិតជាទឹកប្រាក់ប្រមាណ៧០លានដុល្លារ។

លោកបញ្ជាក់ថា៖«ផលិតផលស្វាយចន្ទីគឺជាដំណាំដែលបានជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងខេត្ត ដោយគិតត្រឹមមួយឆ្នាំ២០២៤នេះ ផលិតផលនេះ បាននាំចេញទៅកាន់ទីផ្សារបរទេស បានប្រមាណ៤០លានដុល្លារ។ នៅក្នុងឆ្នាំ២០២៤ដែរនេះ ដំណាំស្រូវ បាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសប្រមាណជាង២០ម៉ឺនតោន ក្នុងតម្លៃជាង៦០លានដុល្លារអាមេរិក»។

បើតាមរបាយការណ៍ពីមន្ទីកសិកម្មខេត្តព្រះវិហារ បច្ចុប្បន្នប្រជាពលរដ្ឋនៅទូទាំងខេត្តដែលដាំដំណាំសរីរាង្គបានកើនឡើងដល់ជិត៥ពាន់គ្រួសារ លើផ្ទៃដីប្រមាណជាង ២ម៉ឺនហិកតា លើផ្ទៃដីប្រមាណពី៣០០ ហិកតា ទៅជាង២ម៉ឺនហិកតា។

សូមបញ្ជាក់ថា ក្រៅពីដំណាំទាំង៣មុខនេះ ខេត្តព្រះវិហារក៏មានដំណាំជាច្រើនទៀត ដូចជា ល្ពៅ កៅស៊ូក្នុងផ្ទៃដីដាំដុះចំនួនជាង៣ម៉ឺនហិតា និងដំណាំចេក ចំនួនជិត១ម៉ឺនហិកតាក៏បានកំពុងឆ្លើយតបទីផ្សារក្នុងស្រុក និងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាកសិករក្នុងខេត្តផងដែរ៕