កំពង់ធំ÷ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង បានសន្យាដូច្នេះនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងវេទិការសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ។
លោកបានបញ្ជាក់បន្ថែមថា ដើម្បីលើកកម្ពស់និងការចូលរួមអភិវឌ្ឍន៍មូលដ្ឋានក្រុមការងារនឹងសាងសង់ទំនប់ទឹកស្ទាក់ស្ទឹងស្ទោង (ភូមិព្រះពន្លាជ័យ)ប្រព័ន្ធប្រឡាយមេស្រោចស្រព ផ្លូវបេតុង ផ្លូវកៅស៊ូ ផ្លូវលំជាច្រើនខ្សែ ដែលគម្រោងខ្លះនឹងចាប់ផ្ដើមដំណើរការសាងសង់នៅឆ្នាំ ២០២៥ ហើយគម្រោងខ្លះនឹងចាប់ផ្ដើមដំណើរការនៅឆ្នាំ២០២៦ឆាប់ៗខាងមុខនេះ ដើម្បីស្រោចស្រពស្រែស្រូវនិងចម្ការរបស់កសិករ និងមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋនិងសិស្សានុសិស្សធ្វើដំណើនៅក្នុងមូលដ្ឋានប្រកបដោយសុវត្ថិភាពនិងឆាប់រហ័ស។
ទន្ទឹមនឹងនេះ លោកបានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវធ្វើការបង្កើតនូវគណៈកម្មការគ្រប់គ្រងនិងប្រើប្រាស់ទឹកឲ្យបានត្រឹមត្រូវដើម្បីបែងចែកនឹងបញ្ជូនទឹកទៅស្រោចស្រពស្រែស្រូវកសិករបានគ្រប់គ្រាន់តាមតម្រូវការនិងមិនមានការប្រើប្រាស់ទឹកដោយកាតខ្ជះខ្ជាយនិងខាតប្រយោជន៍រួម។
ជាមួយនេះផងដែរលោក សាយ គឹមឡម ក្នុងនាមរដ្ឋបាលស្រុកស្ទោង បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសក្នុងឃុំបន្ទាយស្ទោង សូមធ្វើការប្រើប្រាស់ទឹកដោយការសន្សំសំចៃនិងមានទំនួលខុសត្រូវខ្ពស់ ដើម្បីរក្សាបាននូវបរិមាណទឹកច្រើនដើម្បីធានាការស្រោចស្រពប្រកបដោយសុវត្ថិភាពនិងជាការឆ្លើយតបកំដៅបរិយាកាសកល បម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្នដែលរាជរដ្ឋាភិបាលបានប្រកាសជូនជាថាធារណៈរួចហើយ។
លោកអភិបាលស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងក្រៃលែង ដល់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងសហការីដែលតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមអភិវឌ្ឍស្រុកស្ទោង នូវហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធធារាសាស្ត្រគួរជាទីមោទនៈក្រៃលែង ហើយលោកបានណែនាំដល់អាជ្ញាធរក្រុមឱវាទត្រូវខិតខំបំពេញតួនាទីភារកិច្ចនិងផ្ដល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាពប្រសិទ្ធភាពនិងទំនួលខុសត្រូវជាពិសេសគឺយកបេះដូងទៅបម្រើប្រជាពលរដ្ឋដោយពិតប្រាកដ៕