មន្ទីរព័ត៌មានខេត្តកំពង់ធំ បានកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥

0

(កំពង់ធំ)÷ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានថ្លែងថា ដើម្បីបង្កើនការចុះផលិតព័ត៌មានឱ្យបានច្រើនយកផ្សព្វផ្សាយតាមវិទ្យុ វិទ្យុបណ្ដាញ ទូរទស្សន៍ខេត្ត ទូរទស្សន៍ជាតិកម្ពុជា និងគេហទំព័រនានា។

នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ មានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យទាំង៥ មន្ត្រីក្របខ័ណ្ឌ និងមន្ត្រីកិច្ចសន្យា ដើម្បីក្តាប់ឱ្យបានពីរបាយការណ៍ស្ដីពីវឌ្ឍនភាពប្រចាំឆ្នាំ២០២៤ របស់មន្ទីរព័ត៌មានខេត្តកំពង់ធំ។

លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានលើកយករបៀបវារៈមួយចំនួនមានដូចខាងក្រោម÷១. ការគោរពទង់ជាតិពេលព្រឹកនៅថ្ងៃចន្ទ និងគោរពពេលវេលាម៉ោងធ្វើការ។ ២. ទិសដៅការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥។ ៣.របាយការណ៍ព័ត៌មានក្រុមសាធារណៈមតិ៤.វិភាគមុខងារ ៥.ផ្សេងៗ។

លោកស្រី ង៉ែត ណារីន បានលើកឡើងថាមន្ត្រីមន្ទីរព័ត៌មានខេត្តកំពង់ធំ បានដំណើរការចុះយកព័ត៌មាន ថតរូបភាពយកមកតែងនិពន្ធ ចងក្រងអត្ថបទព័ត៌មាន ផលិតកម្មវិធីផ្សេងៗ និងស្ថិតអប់រំខ្លីៗដើម្បីផ្សព្វផ្សាយតាមបណ្តាញវិទ្យុ FM ទូរទស្សន៍ជាតិរាជធានីខេត្ត ទូរទស្សន៍ខ្សែកាបឯកជននៅក្នុងរាជធានីខេត្តរបស់ខ្លួន និងបាន បញ្ជូនខ្លឹមសារមកវិទ្យុ និងរូបភាពមកទូរទស្សន៍ជាតិកម្ពុជា និងឯកជននៅរាជធានីភ្នំពេញ អោយ ជួយផ្សព្វផ្សាយផងដែរ ។

លោកស្រីប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានបន្តទៀតថាទន្ទឹមនេះមន្ត្រីមន្ទីរព័ត៌មានខេត្តក៏ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចាក់ផ្សាយ ពីទូរទស្សន៍ជាតិកម្ពុជាជាប្រចាំ តាមរយៈវិទ្យុ ទូរទស្សន៍  នៅក្នុងខេត្ត នូវ រាល់ព្រឹត្តិការណ៍ និងព័ត៌មានសំខាន់ៗស្តីពីព្រះរាជសកម្មភាពព្រះមហាក្សត្រ និងសកម្មភាព ព្រឹទ្ធសភា រដ្ឋសភា ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានរាយការណ៍នូវព័ត៌មានប្លែកៗ ទាន់ហេតុ ការណ៍ និងព្រឹត្តិការណ៍ដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួនមកក្រសួងបានទាន់ពេលវេលា និងធ្វើការត្រួតពិនិត្យជាប្រចាំគ្រប់ប្រព័ន្ធផ្សព្វផ្សាយក្នុងរាជធានីខេត្តផងដែរ។ មន្ទីរព័ត៌មានខេត្ត ជាសេនាធិការរបស់ក្រសួងព័ត៌មាន ដែលបំពេញតួនាទីទ្រទ្រង់ផ្នែក បច្ចេកទេស និងវិស័យព័ត៌មានសម្រាប់ការងារព័ត៌មាននៅថ្នាក់ក្រោមជាតិ។

សូមបញ្ជាក់ផងដែរថា ទិសដៅសម្រាប់អនុវត្តបន្តក្នុងឆ្នាំ ២០២៥គឺ បង្កើនការចុះផលិតព័ត៌មានឲ្យបានច្រើនដើម្បីផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ខេត្ត ទូរទស្សន៍ជាតិកម្ពុជា និងគេហទំព័រនានា។ បង្កើនការផ្សព្វផ្សាយដល់អ្នកសារព័ត៌មានឱ្យមកធ្វើការចុះបញ្ជីអោយបានគ្រប់ៗគ្នា បន្តតាមដានការចុះផ្សាយ និងបន្សាបព័ត៌មានក្លែងក្លាយទាំងឡាយតាមគ្រប់មធ្យោបាយ ដែលបង្កឱ្យមានអសន្តិសុខ និងសណ្តាប់ធ្នាប់ដល់សង្គមជាតិបង្កើតកម្មវិធីផ្សាយផ្ទាល់ព័ត៌មានថ្មីៗតាមផេកវិទ្យុ និងទូរទស្សន៍ខេត្តកំពង់ធំ ៕អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប