រដ្ឋមន្ត្រីអប់រំជំរុញលើកទឹកចិត្តឲ្យបង្កើនសាលារៀនគំរូ ដើម្បីផលិតធនធានមនុស្សដែលមានគុណភាព

0

ខេត្តកំពត: រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយកំណត់យក កត្តាមនុស្សជាវិស័យអាទិភាពទី១ ក្នុងការអភិវឌ្ឍន៍ប្រទេស។ ហើយដើម្បីផលិតធនធានមនុស្សដែលមានគុណភាពបាន ទាមទាឲ្យអ្នកពាក់ព័ន្ធ ពិសេសនាយក នាយិកា និងគ្រូបង្រៀន ខិតខំប្រឹងប្រែងប្រែក្លាយសាលារៀនខ្លួន ជាសាលារៀនគំរូ។

ថ្លែងក្នុងពិធីប្រកាស លោក សូ ភារិទ្ធ ចូលកាន់តំណែងជាប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត នៅព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំបូកគោ ខេត្តកំពត ឯកឧត្តម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងថា ធនធានមនុស្សជាកត្តាសំខាន់បំផុត សម្រាប់អភិវឌ្ឍប្រទស។ ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានកំណត់យក កត្តាមនុស្សជាវិស័យអាទិភាពស្នូលទី១ និងបានដាក់ចេញចំណុចអាទិភាពចំនួន ៤ សម្រាប់លើកកម្ពស់វិស័យអប់រំ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បីចូលរួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានប្រាក់ចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ទាមទាឲ្យក្រសួងអប់រំ ចូលរួមចំណែកតាមរយៈការបន្តធ្វើកំណែទម្រង់ ដើម្បីបង្កើនគុណភាពនៃការសិក្សាអប់រំកាន់តែប្រសើរ។ ឯកឧត្តមបានជំរុញ លើកទឹកចិត្តដល់អ្នកពាក់ព័ន្ធ  នាយក នាយិកា គ្រូវបង្រៀន ត្រូវយកចិត្តទុកដាក់ ប្រែក្លាយសាលារៀនរបស់ខ្លួនជាសាលារៀនគំរូ ។ ព្រោះសាលរៀនគំរូជាការងារអាទិភាពមួយរបស់ក្រសួង  ដែលត្រឹមឆ្នាំ២០២៨ខាងមុខនេះ  ក្រសួងប្តេជ្ញាថាត្រូវបង្កើនសាលារៀនគំរូ ឲ្យបានយ៉ាងហោច ៥០០សាលា។

តាមរយៈការធ្វើកំណែទម្រង់ប្រឡងសញ្ញាបត្រទុតិយភូមិរយៈពេល១០ឆ្នាំ ចុងក្រោយនេះ គេឃើញថា  លើកទី១ សិស្សប្រឡងជាប់២៥%  បន្តបន្ទាប់កើនឡើងដល់៤០%  ឆ្នាំនេះសិស្សជាប់បានដល់៧៨%  ដែលនេះបង្ហាញអំពីជំហ៊ានមួយដ៏ល្អប្រសើរដែល ឯកឧត្តមជឿជាក់ថា បទពិសោធន៍ដែលសម្រេចបានក្នុងរយៈពេល១១ឆ្នាំ នៃការធ្វើកំណែទម្រង់ ពិតជាផ្លូវមួយដ៏ត្រឹមត្រូវ នាំមកនូវការសម្រេចបានគោលដៅ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងដាក់ចេញ ថានឹងលើកកម្ពស់កិត្តិយស លើកកម្ពស់គុណភាពគ្រូ កែលម្អការបណ្តុះបណ្តាលគ្រូ ឲ្យក្លាយទៅជាការអប់រំក្នុងសតវត្សទី២១ ឲ្យបាន និងចូលរួមលើកកម្ពស់ដល់ធនធានមនុស្សដែលមានគុណភាព និងសក្តានុពលសម្រាប់ជំរុញដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។

តាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី សាលារៀនគំរូ នៅឆ្នាំ២០២៤ មានការទទួលស្គាល់ចំនួន ១២០សាលា  ហើយនៅឆ្នាំ២០២៥ខាងមុខ ក្រសួងនឹង ចុះទៅវាយតម្លៃ សាលារៀនចំនួន១៣០ទៀត៕ សេង ណារិទ្ធ