ខេត្តព្រះវិហារ៖ ក្រុមអ្នកបច្ចេកទេសជំនាញលើវិស័យកសិកម្ម ក្នុងខេត្តព្រះវិហារ បានធ្វើការសិក្សាមួយ ទៅលើសត្វអង្ក្រងជាមួយនិងដើមស្វាយចន្ទីនាពេលកន្លងមក។
លោក ម៉ាំង ប្រុស មន្ត្រីសម្របសម្រួលគម្រោង អាសិត (ASSET) បានឱ្យដឹងថា គម្រោងរបស់លោកបានធ្វើការសិក្សាទៅលើសត្វអង្ក្រង។ ក្រុមអ្នកជំនាញបានរកឃើញសត្វអង្ក្រគឺជាសត្វដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា ការកម្ចាត់សត្វល្អិតចង្រៃដែលមាននៅលើដើមស្វាយចន្ទីជាដើម។
ជាមួយគ្នានេះ មន្ត្រីជំនាញផ្នែកកសិកម្មដដែលនេះបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមក្នុងការថែរក្សាអង្ក្រងដោយការចិញ្ចឹមអង្រ្កង ឬអាចរកវិធីសាស្រ្តណាមួយដើម្បីទាក់ទាញសត្វអង្ក្រងឱ្យវាអាចបង្កើតសំបុករស់នៅលើដំណាំ។
លោកលោក ម៉ាំង ប្រុស មានប្រសាសន៍ថា៖«ការចិញ្ចឹមអង្ក្រងនៅលើដំណាំស្វាយចន្ទី គឺជាបច្ចេកទេសមួយនៅក្នុងប្រព័ន្ធកសិអេកូឡូស៊ី ដែលជាកសិកម្មបែបទំនើប តែគិតដល់គុណភាព និងសុវត្ថិភាពបរិស្ថានផងដែរ»។
ទន្ទឹមគ្នានេះ ការអភិរក្សសត្វអង្រ្កងលើដំណាំស្វាយចន្ទី ក៏ធ្វើឱ្យគ្រាប់ស្វាយចន្ទីមានគុណភាពស្តង់ដាល្អ ពិសេសជួយឱ្យទិន្និផលកើនប្រមាណ២០% បើធៀបនឹងការធ្វើតាមទម្លាប់ចាស់ផងដែរ។
លោកលោក ម៉ាំង ប្រុសបន្ថែមថា៖«អង្ក្រងគឺជាសត្វមានប្រយោជន៍ ព្រោះវាស៊ីសត្វល្អិតចង្រៃកុំឱ្យវាបំផ្លាញស្វាយចន្ទី ជាពិសេសក្នុងកំឡុងពេលដែលស្វាយចន្ទីចេញត្រួយខ្ចី គឺតែងតែមានសត្វល្អិតចង្រៃដែលយើងពិបាកនឹងមើលឃើញដោយភ្នែកទទេវាមកកាត់បំផ្លាញត្រួយ បំផ្លាញផ្កា និងបំផ្លាញក្តឹបស្វាយចន្ទី ដែលនាំឱ្យកសិកររងនូវការខាតបង់ដ៏គួរឱ្យសោកស្តាយ ហេតុនេះសត្វអង្រង់វាដូចជាភ្នាក់ងារជួយបណ្តាញ និងកម្ចាត់សត្វចង្រៃមិនឱ្យមកយាយីស្វាយចន្ទី»។
អ្នកជំនាញរូបនេះ បានបញ្ជាក់ទៀតថា ការអនុវត្តការដាក់អង្ក្រងនៅតាមដើមស្វាយចន្ទីឱ្យវាស៊ីសត្វចង្រៃនៅកម្ពុជា ទើបត្រូវបានធ្វើកាលពីឆ្នាំកន្លងទៅដោយបានរៀនសូត្រពីប្រទេសវៀតណាម ខណៈដែលកិច្ចការនេះត្រូវបានអនុវត្តដោយជោគជ័យរួចហើយនៅយតាមបណ្តាប្រទេសមួយចំនួន។
បើតាមការសិក្សារបស់គម្រោងមួយកន្លងមកឃើញថា ដាក់សត្វអង្រ្កងលើដំណាំស្វាយចន្ទីនេះ គឺធ្វើទិន្នផលស្វាយចន្ទីកើនឡើងប្រមាណ២០% បើធៀបនឹងការមិនដាក់អង្រ្កងនៅលើដំណាំនេះ៕