កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញប្រារព្ធទិវាអន្ដរជាតិ នៃអ្នកស្ម័គ្រចិត្ត ក្រោមប្រធានបទ « រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព » និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយការបាក់ស្រុតច្រាំងទន្លេ ហើយត្រូវបង្ខំចិត្តរុះរើលំនៅដ្ឋានទៅកាន់ទីសុវត្ថិភាព ចំនួន ៤៨គ្រួសារ នៅក្នុងឃុំសូរគង ស្រុកកងមាស ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានរំឭកសេចក្តីអំពាវនាវរបស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា គឺត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងកម្លាំងស្ម័គ្រចិត្ត តាមរយ:ការលើកទឹកចិត្ត និងបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការថ្មីនៃភាពធន់សហគមន៍ ហើយផ្តល់ការជួយគាំទ្រ និងលើកទឹកចិត្តដល់ក្មួយៗយុវជន ដែលជាអ្នកស្ម័គ្រចិត្តវ័យក្មេង ក្នុងការសិក្សាមុខជំនាញឱ្យបានច្បាស់លាស់ រួមជាមួយការលើកកំពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ ដោយសិក្សាបន្ថែមនូវបច្ចេកវិទ្យាព័ត៌មានឌីជីថល និងភាសាបរទេស ឱ្យស្របតាមតម្រូវការការងារទីផ្សារក្នុងប្រទេស និងសកលលោក។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាពន់ពេកចំពោះមហន្តរាយធម្មជាតិដែលកើតឡើងដោយមិននឹកស្មានដល់នេះ ហើយបានក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលា មិនថា ភ្លៀង រន្ទះ ខ្យល់កន្ត្រាក់ ឬ បាក់ស្រុតច្រាំង នោះទេ ត្រូវរួសរាន់រកទីកន្លែងដែលធានាសុវត្ថិភាព ការពារខ្លួនជៀសឱ្យផុតពីគ្រោះថ្នាក់ដល់រាងកាយ និងជីវិត ។ ក្នុងការរស់នៅ ត្រូវប្រកាន់ខ្ជាប់នូវវិធានអនាម័យស្អាត និងថែទាំសុខភាពអោយបានល្អផងដែរ ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអញ្ជើញប្រគល់ប័ណ្ណសរសើរដែលសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនដែលបានលះបង់ពេលវេលា កម្លាំងកាយ ចិត្ត ប្រាជ្ញា ចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវាកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដល់សហគមន៍ក្នុងស្រុកកងមាស ចំនួន ៥០នាក់ ។
ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយការបាក់ស្រុតច្រាំង ៤៨គ្រួសារ ឯកឧត្តមប្រធាន បានឧបត្ថម្ភក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គក្រ មី១កេស ត្រីខ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ឃីត ១សម្រាប់ និងថវិកាចំនួន ១០ម៉ឺនរៀលផងដែរ ៕