ស្វាយរៀង៖ ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងនៅក្នុងពិធីចែក វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១០.៤៧៧ប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋនៅភូមិស្វាយគុយ ភូមិដីក្រហម ភូមិតាដេវ ភូមិបារាយណ៍ ភូមិពោធិ៍ ឃុំមេសរថ្ងក ភូមិគោកតែក ភូមិតែងម៉ៅ ភូមិចន្ទ្រា ឃុំចន្ទ្រា និងភូមិដូនទៃ ឃុំទួលស្ដី ស្រុកចន្ទ្រា។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត លោកមេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកនាយករដ្ឋបាលសាលាខេត្ត ឯកឧត្តម លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាល អភិបាលរងស្រុកចន្ទ្រា និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ៨០០នាក់។
មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងពាំនាំនូវក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតពីសំណាក់សម្ដេច មហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងសម្ដេចកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនចំពោះអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅឃុំមេសរថ្ងក ឃុំចន្ទ្រា និងឃុំទួលស្ដីយើងនេះ ក៏ដូចជានៅទូទាំងស្រុកចន្ទ្រាទាំងមូល។
ឯកឧត្តមបន្តថា ថ្ងៃនេះជាលើកទី៧ក្នុងការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋ បន្ទាប់ពីខេត្តបានដាក់ចេញនូវផែនការឈាន ទៅបញ្ចប់ការចុះបញ្ជីដីធ្លីដោយចាប់ផ្ដើមអនុវត្តពីខែធ្នូ ឆ្នាំ២០២៣មក ហេីយក្នុងរយៈពេលមួយឆ្នាំមកនេះ ក្រុមការងារសម្រេចបាននូវការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានចំនួន ៩៤ភូមិ ស្មើនឹង ១០៦.៥៦៤ប័ណ្ណ និងចែកប័ណ្ណ ជូនប្រជាពលរដ្ឋបានប្រមាណជាង ៦ម៉ឺនប័ណ្ណ ទន្ទឹមនេះក៏បានបញ្ជាក់ឲ្យឃេីញថា ក្នុងមូលដ្ឋានស្រុកចន្ទ្រាបានដំណើរការបញ្ចប់ការចុះបញ្ជីដីធ្លីគ្រប់ភូមិ និងឃុំរួចរាល់ហើយ ដោយបច្ចុប្បន្ននៅសល់តែនីតិវិធីនៃការចេញប័ណ្ណប៉ុណ្ណោះ ។
ឯកឧត្តមបន្ថែមថា លទ្ធផលដ៏ល្អប្រសើរ និងគួរជាទីមោទនៈនេះ សូមសម្ដែងនូវការអរគុណ និងកោតសរសើរបងប្អូនមន្ត្រីរាជការសុរិយោដីគ្រប់លំដាប់ថ្នាក់ និងប្អូនៗយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់នូវពេលវេលា ពេលខ្លះក៏ត្រូវចុះបំពេញការងារទាំងថ្ងៃឈប់សម្រាក ដើម្បីចូលរួមចំណែកនៅក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ។
ជាមួយនឹងលទ្ធផលដ៏ល្អនៃវាស់វែងដីធ្លីនិងពិធីចែកប័ណ្ណនៅថ្ងៃនេះ ឯកឧត្តមបានផ្ដាំផ្ញើបន្ថែមដល់អាជ្ញាធរ និងកងកម្លាំងមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់អនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព។
-ត្រូវបង្កើនការអប់រំ ផ្សព្វផ្សាយ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
-ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទទាំងបទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើង និងបទល្មើសលួច ឆក់ ប្លន់នៅមូលដ្ឋានឲ្យមានប្រសិទ្ធភាព។
សំណូមពរដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ មេត្តា ជួយតាមដាន អប់រំ ណែនាំកូនចៅឲ្យចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និង ក៏សូមចូលរួមសហការ តាមរយៈការជួយផ្ដល់ព័ត៌មានមកសមត្ថកិច្ចរបស់យើងក្នុងករណីបានដឹងថាមានបទល្មើសគ្រឿងញៀនកើតឡើងក្នុងមូលដ្ឋាន។
សូមឲ្យអាជ្ញាធររបស់យើង ត្រូវយកចិត្តទុកដាក់សហការទប់ស្កាត់ការដឹកលើសទម្ងន់កំណត់ ដើម្បីថែរក្សាការពារផ្លូវថ្នល់របស់យើង ហើយក្នុងករណីមានការខូចខាត ត្រូវមានវិធានការជួសជុលឲ្យបានរហ័សដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕គឹមសេង