កំពង់ធំ÷ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាន តំណាងឯកឧត្តមឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និងលោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងតំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបំប៉នជំនាញ ក្បួននីតិវិធីប្រតិបត្តិ របស់មន្ត្រីនគរបាលយុត្តិធម៌ សម្រាប់បទល្មើសចរាចរណ៍ផ្លូវគោក នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។
លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ បានថ្លែង
អំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និងក្រុមការងារ ដែលចំណាយពេល ដ៏មានតម្លៃ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបើកវគ្គបំប៉នជំនាញ ស្ដីពីក្បួននីតិវិធីប្រតិបត្តិ របស់មន្ត្រីនគរបាលយុត្តិធម៌ សម្រាប់បទល្មើសចរាចរណ៍ផ្លូវគោក ដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំនាឱកាសនេះ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកលោកឧត្តមសេនីយ៍ ស្នងការរង បានណែនាំដល់សិក្ខាកាម ត្រូវយកចិត្តទុកដាក់ ស្ដាប់ សាកសួរ កត់ត្រា ក្រេបជញ្ជក់ ចំណេះដឹង បទពិសោធន៍ ដែលផ្តល់ដោយគ្រូបង្គោល សម្រាប់ជាត្រីវិស័យបង្ហាញផ្លូវ ក្នុងការអនុវត្តតួនាទី ភារកិច្ច ជាប្រចាំថ្ងៃ សម្រេចជោគជ័យ ល្អប្រសើរបន្ថែមទៀត ស្រមតាមគោលនយោបាយ ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ។
លោកឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ មានប្រសាសន៍ សំណេះសំណាល និងថ្លែងអំណរគុណ ចំពោះកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលរយៈពេលកន្លងមក បងប្អូនយកអស់កម្លាំងកាយចិត្ត ខិតខំប្រឹងប្រែង អនុវត្តតួនាទីភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន អនុវត្តសម្រេចបានផ្លែផ្កាជាបន្តបន្ទាប់ ធានាថែរក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនសង្គមជាតិ និងប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាន បានផ្ដាំផ្ញើ ដល់សិក្ខាកាម÷១.ពង្រឹងបទវិន័យលេខ ៨៧៣ របស់កងកម្លាំងនគរបាលជាតិ,២.ពង្រឹងក្រមក្រមសីលធម៌ ទំនាក់ទំនង និងសហការល្អ,៣.ពង្រឹង វិធានការជំនាញ ក្បួននីតិវិធីប្រតិបត្តិ របស់មន្ត្រីនគរបាលយុត្តិធម៌ សម្រាប់បទល្មើសចរាចរណ៍ផ្លូវគោក,៤.ដោយឡែកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៅពេលមានករណី គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កើតមានឡើង ត្រូវការពារទីកន្លែងកើតហេតុ រងចាំមន្ត្រីជំនាញបំពេញនីតិវិធី,៥.បង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់មហាជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីបញ្រ្ជាបចំណេះដឹង និងចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងលើប្រជាពលរដ្ឋ ថែរក្សាបាន អាយុ ជីវិតទ្រព្យសម្បត្តិ។
សូមបញ្ជាក់ដែរថា វគ្គបណ្ដុះបណ្ដាលរយៈពេល០១ថ្ងៃ គ្រូឧទ្ទេសនាមមានចំនួន០៦រូប មេរៀនចំនួន៣៦ សំណុំរឿងសិក្ខាកាម១៤៥នាក់ មកពីការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាននគរបាលក្រុងស្រុកទាំង០៩ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨១ ឃុំ-សង្កាត់ ៕