កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរ មូលដ្ឋាន និងប្រជាពលរដ្ឋ រួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លុបបំបាត់ក្រុមក្មេងទំនើង និង ទប់ស្កាត់ការលក់ដូរចំណីអាហារគ្មានសុវត្ថិភាពនៅតាមសាលារៀនគ្រឹះស្ថានសិក្សានានា កា រថ្លែងបែបនេះក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល » ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅឃុំសុគង ស្រុកកងមាស ក្រោមវត្តមាន ឯកឧត្តម សួស ឡា ប្រធានសាលាដំបូង និងឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះសូចនាករទី៤ មុំទី១ បានសង្កត់ធ្ងន់លើការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ គ្រប់ប្រភេទ រួមមានបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ និងការបន្តពង្រឹង ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលជាការយកចិត្តទុកដាក់ ក្នុងការការពារប្រជាពលរដ្ឋ និងប្រទេសជាតិ ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រូបភាពនៃ អំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរ ឬ កេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ តែក៏មានបាតុភាពមួយចំនួនទៀត ដូចជាអំពើជួញដូរសេរីរាង្គ និង បទល្មើសរត់ពន្ធ ឬ ជួញដូរទារកឆ្លងដែន ក្រោមរូបភាពអំពើជួលពពោះជំនួស។ នេះជាកង្វល់ថ្មីទៀត ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស បាននឹងកំពុងតែដាក់វិធានការស៊ើបអង្កេត ស្រាវជ្រាវ និង បង្ក្រាបជាបណ្តើរៗ ឱ្យបានទាន់ពេលវេលា និង សិក្សាអំពីបរិបទច្បាប់ បទដ្ឋានគតិយុត្តិពាក់ព័ន្ធបន្ថែមទៀត ដើម្បីជៀសវាង ការរីកដុះដាលនៃបទល្មើស ដែលនាំឱ្យបង្កគ្រោះថ្នាក់កាន់តែច្រើនឡើងដល់សង្គម និងមនុស្សគ្រប់វ័យ ។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា ក្នុងនាមជាប្រធានគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងយកអស់កម្លាំងកាយ ចិត្ត ស្មារតី ខិតខំបន្ថែមទៀត ដើម្បីទប់ស្កាត់ និងឈានទៅបង្ក្រាបឱ្យបាន នូវរាល់បទល្មើសផ្សេងៗ ទោះពាក់ព័ន្ធនឹងអំពើ ជួញដូរមនុស្សក្តី និង បទល្មើសផ្សេងៗទៀតក្តី ឱ្យអស់ពីទឹកដីនៃខេត្តកំពង់ចាមផងដែរ ៕