រដ្ឋបាលខេត្ដសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តគោលដៅចុងក្រោយ ក្រុងសៀមរាប

0

សៀមរាប៖ អាជ្ញាធរខេត្ដសៀមរាប បានបន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅចុងក្រោយ ក្រុងសៀមរាប ដឹកនាំដោយ ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពី ឯកឧត្តម លោក ជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជា៤០០នាក់ចូលរួមនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ។
ឯកឧត្ដម តោ គឹមស៊ាន មានប្រសាសន៍ថា វេទិកានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដែលជាការផ្ដល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ចូលរួមស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍខេត្ត និងបញ្ហាប្រឈមនានា ជាពិសេសការបញ្ចេញមតិ ក្តីកង្វល់ សំណូមពរតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ ប្រជាពលរដ្ឋមានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន តាមរយៈការរាយការណ៍ពីបញ្ហាប្រឈមនានា ដែលបានជួបប្រទះ និងមិនអាចដោះស្រាយបានក្នុងមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តម តោ គឹមស៊ាន បានជំរុញគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋាន ត្រូវសហការដោះស្រាយបញ្ហា និងក្ដីកង្វល់របស់បងប្អូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាព ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន សំដៅលើកកម្ពស់គុណភាពជីវិតរបស់បងប្អូនប្រជាពលរដ្ឋ និងឈានទៅរកការកាត់បន្ថយភាពក្រីក្រ ដើម្បីឱ្យវិស័យសេដ្ឋកិច្ច និងសង្គមជាតិមានការរីកចម្រើនទៅមុខៗ។
លោក លី សារី ក៏បានថ្លែងនូវការកោតសរសើរ ចំពោះប្រជាពលរដ្ឋក្រុងសៀមរាប ដែលបានលើកឡើងនូវសំណើ និង សំណូមពរយ៉ាងផុសនេះ សបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋមានជំនឿទុកចិត្ត ជាមួយរដ្ឋបាលគ្រប់ជាន់ថ្នាក់ ក្នុងការដោះស្រាយនូវបញ្ហាប្រឈម និង សំណូមពររបស់ពួកគាត់។ ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យ តាមដាន និងដោះស្រាយរាល់សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលជាបញ្ហាប្រឈមចាំបាច់ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និង ជម្រុញដល់មន្ទីរជំនាញពាក់ព័ន្ធ និង អាជ្ញាធរ ក្រុង សង្កាត់ សហការគ្នាធ្វើការដោះស្រាយ នូវរាល់បញ្ហាដែល បងប្អូនបានលើកឡើង ឲ្យទទួលបានលទ្ធផលជាផ្លែផ្កា ជូនបងប្អូនប្រជាពលរដ្ឋ ។
សូមជម្រាបថា វេទិកានាពេលនេះដែរ ក្រុមការងារទទួលបានសំណួរ និងសំណូមពរ ចំនួន២៣ រីឯសំណួរ និងសំណូមពរផ្ទាល់មាត់ចំនួន៨ ពាក់ព័ន្ធទៅនឹងបញ្ហាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ,ទឹកស្អាត ,ភូមិឃុំសង្កាត់មានសុវត្ថិភាព វិស័យអប់រំ ការសុំចេញប័ណ្ណកម្មសិទ្ធ និងតំបន់បូរាណដ្ឋានជាដើម ដោយមន្ត្រីជំនាញបានបកស្រាយជូនភ្លាម។ចំពោះសំណួរសំណូមពរជាលាយ លក្ខអក្សរ ចំនួន១៥ផ្សេងទៀត នឹងយកទៅដោះស្រាយនៅក្នុងក្របខ័ណ្ឌក្រមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតបជាលាយលក្ខណ៍អក្សរជូនដល់ម្ចាស់សំណួរសំណូមពរ តាមរយៈក្រុមប្រឹក្សាក្រុង សង្កាត់ ភូមិ នាពេលខាងមុខ ៕