ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ របស់មន្ទីរបរិស្ថានខេត្តកែប

0

ខេត្តកែប៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ២០២៤ មន្ទីរបរិស្ថានខេត្ត បានរៀបចំបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំបន្ទាប់របស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប។

ពិធីបិទកិច្ចប្រជុំព្រឹកនេះ​ ក៏មានការអញ្ជើញចូលរួមពីសំណាក​ លោក​ លោកស្រី​ អភិបាល​រងខេត្ត ឧត្តមសេនីយ៍ វីរៈសេនីយ៍​ តំណាង​កងកម្លាំង​ទាំងបី ប្រធាន​ អនុប្រធាន​មន្ទីរ​អង្គ​ភាពជុំវិញខេត្ត អភិបាលក្រុង​ ស្រុក តំណាងសហគមន៍ និងអាជីវករ សរុបប្រមាណ ៥០រូប។

បេីតាមរបាយការណ៍ លោក អុិន សៅ ប្រធានមន្ទីរបរិស្ថានខេត្ត បានបញ្ជាក់ថា៖ ឆ្នាំ២០២៤ មន្ទីរបរិស្ថាន បានបំពេញភារកិច្ចស្នូលតាមការណែនាំរបស់ថ្នាក់លើ ដោយអនុវត្តតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលមានសរសរស្តម ៣ សំខាន់គឺ “ភាពស្អាត បៃតង និងចីរភាព” ផ្តើមចេញពីបេសកកម្ម តួនាទី ដោយមានការគាំទ្រពីថ្នាក់ដឹកនាំខេត្ត និងក្រសួងបរិស្ថាន។ ជាក់ស្តែងមន្ត្រីឧទ្យានរក្សនៃមន្ទីរបានខិតខំយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ នៅរាល់បទល្មើសទាំងឡាយ ដែលបង្ករឡើងដោយជនខិលខូចធ្វើអោយប៉ះពាល់ដល់ជីវិតសត្វព្រៃកម្រ ធនធានធម្មជាតិ និងបង្រ្កាបរាល់បទល្មើសការកាប់ទន្រ្ទានយកដីតំបន់ឧទ្យានជាតិ រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ។

មានប្រសាសន៍ទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តនូវ តួនាទី ភារកិច្ច ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ ឯកឧត្តមបណ្ឌិត​ ក៏បានផ្ដល់អនុសាសន៍ណែនាំដល់ មន្ទីរបរិស្ថានខេត្ត​ ត្រូវបន្តខិតខំគ្រប់គ្រងធនធានធម្មជាតិ និងអភិវឌ្ឍន៍ ដោយចីរភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ក្នុងចក្ខុវិស័យ ធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹត្យកម្មបរិស្ថានកិច្ច ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ការអភិវឌ្ឍបៃតង ដោយផ្តោតលើសសរស្តម ៣ ដោយមាន “ភាពស្អាត ភាពបៃតង និងចីរភាព”។ លើសពីនេះ មន្ទីរបរិស្ថាន ត្រូវពង្រឹងយន្តការដែលមានស្រាប់ បន្តអនុវត្តសកម្មភាពក្នុងការលើកកម្ពស់ការចូលរួម ពីអ្នកពាក់ព័ន្ធ និងធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយ ដល់សហគមន៍មូលដ្ឋាន ស្តីអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធនានា  ពិសេសលើកទឹកចិត្តដល់មន្ត្រីដែលខិតខំបំពេញការងារអោយបានគ្រប់ៗគ្នា។

បន្ទាប់ពីបិទកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ ២០២៤រួចមក ឯកឧត្តមបណ្ឌិត ក៏បានប្រគល់ជូន នូវលិខិតសរសើរ ជូនដល់មន្ត្រីនៃមន្ទីរបរិស្ថានខេត្តផងដែរ៕ សេង ណារិទ្ធ