ខេត្តតាកែវ៖ ព្រឹកថ្ងៃអាទិត្យទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀចំកិច្ចប្រជុំ”ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល២០២៤-២០២៥”។ ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។ ដោយមានការចូលរួមពីៈ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញទាំង៣២ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១០ លោកអធិការរងទទួលផែនការងារសន្តិសុខ ព្រហ្មទណ្ឌ សណ្តាប់ធ្នាប់ អត្តសញ្ញាណប័ណ្ណ និងគ្រឿងញៀន លោកនាយប៉ុស្តិ៍ទ្វេភាគីកំពង់ក្រសាំង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ទាំង១០០ និងមន្ត្រីដែលពាក់ព័ន្ធ។ ថ្លែងក្នុងកិច្ចប្រជុំនោះ លោកស្នងការ បានមានមតិណែនាំផ្តាំផ្ញើ និងសង្កត់ធ្ងន់ថាៈ នៅគ្រប់គោលដៅឈរជើងប្រចាំការ ការពារទាំងអស់ត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីបង្ការទប់ស្កាត់កុំឲ្យមានករណីក្មេងទំនើងឆ្លៀតឱកាសលួច ឆក់ទៅលើបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាកំសាន្តផងដែរ៕