អភិបាលខេត្តកំពង់ចាម​ បានសម្រេចធ្វើការបើកផ្លូវ ដើម្បីបម្រើប្រយោជន៍សាធារណៈ​ នៅស្រុកស្ទឹងត្រង់​ ដោយឈរលើគោលការណ៍ឈ្នះ​ឈ្នះ​

0

កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានសម្រេចធ្វើការបើកផ្លូវត្រង់ អនុលោមតាមប្លង់គោលបន្សល់ទុក ដើម្បីបម្រើប្រយោជន៍សាធារណៈ ក៏ដូចជាការដឹកជញ្ជូនកសិផល និងការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ នៅភូមិអូរលើ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់​ ជំនួសមកវិញបិទផ្លូវ ប្រឡាយបំបែក (ប្រឡាយលោក) ដោយផ្លូវដែលបិទនេះឱ្យប្រជាពលរដ្ឋអ្នកកាន់កាប់ ធ្វើការចរចាគ្នាអំពីការបែងចែក ឬសងសំណងជាថវិកាតែម្តង។​ កិច្ចប្រជុំសម្របសម្រួលករណីដីបើកផ្លូវនេះត្រូវ​បានធ្វើឡើង​នាព្រឹកថ្ងៃទី​៣០​ ខែធ្នូ​ ឆ្នាំ​២០២៤ នៅសាលាខេត្តកំពង់ចាម​ ។

ក្នុងកិច្ចប្រជុំនេះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ករណីទំនាស់ស្នើសុំបើកផ្លូវប្រឡាយចំនួន ២ខ្សែ​ខាងលើនេះ​ ដែលកាន់កាប់ដោយលោកស្រី លួន បូរី (ផ្លូវប្រឡាយត្រង់) លោកស្រី លឹម មុយជូ និងលោក ជីវ លីស្រួយ (ផ្លូវ ប្រឡាយបំបែក ឬប្រឡាយលោក) ត្រូវបានប្រជាពលរដ្ឋ ១២គ្រួសារ ធ្វើការប្តឹងមករដ្ឋបាលខេត្ត ហើយត្រូវបានប្រគល់ ភារកិច្ចជូនឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តដឹកនាំធ្វើការសិក្សាស្រាវជ្រាវ និងសម្រុះសម្រួល តែភាគីប្រជាពលរដ្ឋអ្នកកាន់កាប់ ពុំមានការស្រុះស្រួលគ្នា រហូតធ្វើឱ្យករណីនេះ ត្រូវបាន បន្តនីតិវិធីនៅសាលាដំបូង ប៉ុន្តែដោយមានការសំណូមពរសម្រុះសម្រួលឡើងវិញ។

បន្ទាប់ពីស្តាប់ការសម្រេចខាងលើ និងស្តាប់ការពន្យល់ សម្រុះសម្រួលឈរលើគោលការណ៍ឈ្នះៗ ទាំងអស់គ្នា ភាគីប្រជាពលរដ្ឋអ្នកកាន់កាប់ដីផ្លូវប្រឡាយទាំងពីរខ្សែ បានសម្រេចទទួលយកគោលការណ៍ សម្រុះសម្រួលរបស់កឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត ដោយព្រមព្រៀងគ្នាដូចខាងក្រោម ៖
១-យល់ព្រមបើកផ្លូវទំហំ៦ម៉ែត្រ នៅលើដីផ្លូវលំនាំដើមត្រង់ (ដីខាងលោកស្រី លួន បូរី) ដោយ អនុលោមតាមប្លង់គោលបន្សល់ទុកពីដើមមក។
២-លោកស្រី លឹម មុយជូ និងលោក ជីវ លីស្រួយ យល់ព្រមកាត់ដីទំហំ ៣ម៉ែត្រក្បាលដីដើរ ជូន លោកស្រី លួន បូរី ហើយដីនៅសល់ជាក់ស្តែង ទំហំ ៣.៨១ ម៉ែត្រក្បាលដីដើរ ឬទំហំជាក់ស្តែងតាមការវាស់វែងដោយមន្ត្រីជំនាញ នឹងលក់ជូនលោកស្រី លួន បូរី ក្នុងតម្លៃសមាមាត្រ ៣ម៉ែត្រក្បាលដីដើរ ២០,០០០ដុល្លា (ឬ ៦,៦៦៦ដុល្លារ/១ម៉ែត្រក្បាលដីដើរ)។ ដូច្នេះតម្លៃដីដែលនៅសល់សរុប គឺទូទាត់តាមការវាស់វែងជាក់ស្តែង ដោយមានកំណត់ហេតុត្រឹមត្រូវពីរដ្ឋបាលស្រុកស្ទឹងត្រង់។
៣-រដ្ឋបាលស្រុកស្ទឹងត្រង់ ត្រូវដឹកនាំធ្វើការបើកផ្លូវតាមស្មារតីអង្គប្រជុំ ដូចក្នុងចំណុចទី១ ខាងលើ និង ធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឲ្យបានដឹងអំពីការសម្រេចរបស់អាជ្ញាធរខេត្ត។ ជាមួយគ្នានោះ រដ្ឋបាលស្រុកស្ទឹង ត្រង់ បន្តដឹកនាំវាស់វែងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋពាក់ព័ន្ធ។
ភាគីទាំងពីរ បានព្រមព្រៀងគ្នា ចំពោះមុខអង្គប្រជុំ និងយល់ព្រមបញ្ចប់វិវាទ ដោយផ្តិតមេដាយជាការ ទទួលខុសត្រូវចំពោះមុខអាជ្ញាធរ៕