ឯកឧត្តម ម៉ាង ស៊ីណេត ចុះសួរសុខទុក្ខអ្នកជំងឺភាគច្រើនជាមន្រ្តីរាជការចំនួនប្រមាណជិត៥០នាក់ពុលនំសាំងវិចក្នុងភោជនីយដ្ឋានសំពៅមាស

0

ខេត្ត​ព្រះសីហនុ៖ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល​ នៃគណ​អភិបាលខេត្តព្រះសីហនុ រួមដណើរដោយលោក សាមុត​ សុធារិទ្ធ អភិបាលរងខេត្ត និងលោក ស កក្កដា អភិបាលក្រុងព្រះសីហនុ​ ព្រមទាំងមន្រ្តីរដ្ឋបាលខេត្តមួយ ចំនួនទៀតនាថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺពុលអាហារ (នំសាំងវិច ក្នុងភោជ នីយ ដ្ឋាន សំពៅមាស)ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយបងប្អូនអ្នក ពុល អាហារទាំងនោះភាគច្រើនជាមន្រ្តីរាជការ។ក្រោយពីបានជួបសំណេះសំណាល និងសួរសុខទុក្ខ​ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានពាំនាំយកនូវផ្លែ ឈើ និង ថវិកា មួយចំនួនដើម្បីឧបត្ថម្ហជូនដល់អ្នកជំងឺផងដែរ។

ពាកព័ន្ធនិងករណីពុលនំសាំងវិចនេះ បើតាមការបញ្ជាក់ របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ករណីមនុស្សចំនួន ៤១នាក់ មានអាការៈរាគរូស និងក្អួតចង្អោរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យ បន្ទាប់ពីបានទទួលទាននំសាំងវិច ដែលទិញមកពីអាហារដ្ឋានមួយកន្លែង ក្នុងក្រុងព្រះសីហនុ ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ  មន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តព្រះសីហនុ បានចុះដល់ទីតាំងកើតហេតុ និងអាហារដ្ឋានមួយកន្លែង ដើម្បីប្រមូលព័ត៌មាន និងបានដកយកសំណាកគំរូ ដែលរួមមាននំសាំងវិច និងគ្រឿង ផ្សំសម្រាប់ផលិតនំសាំងវិច ចំនួន ១២គំរូ ដើម្បីបញ្ជូនមកមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើការវិភាគរកកត្តា បង្កគ្រោះនានា។

លទ្ធផលវិភាគបានបង្ហាញថា សំណាកគំរូដែលទទួលបានពីកន្លែងកើតហេតុ ត្រូវបានរកឃើញ វត្តមាន បាក់តេរីប្រភេទ អ៊ីកូឡាយ(E-coli) ក្នុងបរិមាណលើសកម្រិតអនុញ្ញាត ពោលគឺចំនួនច្រើនជាង ១០០ CFU/g និង មាន វត្តមាន បាក់តេរីប្រភេទ ស្តាហ្វីឡូកូកឹសអូរៀស (Staphylococcus aureus) ក្នុងបរិមាណលើស កម្រិតសុវត្ថិ ភាព ពោលគឺចំនួនច្រើនជាង ១០.០០០ CFU/g។

សូមបញ្ជាក់ផងដែរថា«ស្តាហ្វីឡូកូកឹសអូរៀស (Staphylococcus aureus) អាចនឹងបង្កការពុលអាហារ បន្ទាប់ពីបានទទួលទានអាហារមានផ្ទុកបាក់តេរីប្រភេទនេះ ក្នុងរយៈពេលចាប់ពី១ ទៅ៦ម៉ោង ដោយបង្ហាញ ចេញនូវអាការៈរោគមួយចំនួនដូចជា ក្អួតចង្អោរ  ចុកពោះ និង រាគរូសជាដើម»។ជំនាញបញ្ជាក់ថា«វត្តមាននៃបាក់តេរីទាំងពីរប្រភេទខាងលើនេះបង្ហាញថា ការអនុវត្តអនាម័យក្នុងផលិតកម្ម  អនាម័យ បុគ្គលិក អាចនៅមិនទាន់បានល្អប្រសើរនៅឡើយ។ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមជាអង្គភាពទទួល បន្ទុកផ្នែកសុវត្ថិភាពម្ហូបអាហារ សូមធ្វើការអំពាវនាវដល់ប្រតិបត្តិករអាជីវកម្មម្ហូបអាហារទាំងអស់ ជាពិសេស បងប្អូនអ្នករៀបចំកែច្នៃនិងផលិតម្ហូបអាហារត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការអនុវត្តឱ្យបានជាប្រចាំនូវគន្លឹះទាំង៥ ដែលធ្វើឱ្យម្ហូបអាហារមានសុវត្ថិភាព របស់អង្គការសុខភាពពិភពលោក (WHO) ដូចមានបង្ហាញជូនក្នុង QR Code ខាងក្រោម ដើម្បីធានាដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ ជាពិសេសដើម្បីជួយឱ្យប្រតិបត្តិករ អាជីវកម្មម្ហូបអាហាររួចផុតពីការប្រឈមចំពោះមុខច្បាប់ផងដែរ៕

នាគសមុទ្រ