កំពង់ធំ៖ នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តកំពង់ធំ នាចុងឆ្នាំ២០២៤នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តដល់មន្ត្រីទាំងអស់ ពង្រឹងសមត្ថភាពរបស់ខ្លួន ខិតខំធ្វើការងារអស់ពីសមត្ថភាព រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងគោរពវិន័យ
ការងារឱ្យបានល្អប្រសើរថែមទៀត។
ពីធីសំណេះសំណាលនេះ ប្រារព្វឡើងក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
ឯកឧត្តម នួន ផារ័ត្ន បន្ថែមទៀតថា អង្គភាពមួយមានការរីកចម្រើនបានលុះត្រាតែយើងពង្រឹងអភិបាលកិច្ចល្អ ដោយមន្ត្រីទាំងអស់រួមគ្នាពង្រឹងរបៀបរបបការងារជួយអភិវឌ្ឍន៍សម្ថភាពខ្លួនឱ្យរីកចម្រើន ធ្វើឱប្រសិទ្ធិភាពការងារល្អប្រសើរជាងមុន។ ហើយកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ពិតជាមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍន៍ឱ្យអង្គភាពមានការរីកចម្រើន។
ឯកឧកឧត្តម អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំជួយទប់ស្កាត់ការបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅក្នុងខេត្តកំពង់ធំ មានការថយចុះ ហើយបញ្ហាផ្សេងៗក៏មានការថយជាបន្តបន្ទាប់ ជាពិសេសរក្សាបាននូវសុខសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋបានល្អប្រសើរ នេះជាការទាក់ទាញភ្ញៀវទេសចរផង ហើយសម្រាប់ភាពសុខដុមរមនាក្នុងសង្គមយើងផងដែរ ៕វេហាស៍






































