​រថយន្ត​អូ​ឌី បើក​បុក​ម៉ូតូ​ស្មាស់ ពីក្រោយ​បណ្តាល​ឲ្យ​បុរស​៣​នាក់ រងរបួស រួច​រថយន្ត​បើក​គេចខ្លួន​បាត់ស្រមោល​

0

​ភ្នំពេញ​៖ បុរស​ម្នាក់​ត្រូវ​រងរបួស​ធ្ងន់​និង​ស្រាល ខណៈដែល​ជិះ​ម៉ូតូ​ស្មាស់​វី មួយគ្រឿង ត្រូវ​រថយន្ត អូ​ឌី មួយគ្រឿង​បើក​បុក​ពីក្រោយ យ៉ាង​ពេញទំហឹង ហើយ​រថយន្ត​បង្ក បើក​រត់គេច​បាត់ស្រមោល​ឈឹង កាលពី​វេលា​ម៉ោង​១១​និង​២០ នាទី​យប់​ថ្ងៃទី​០៨ ខែ​មិនា ឆ្នាំ​២០១៤ ស្ថិត​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម កែង​ផ្លូវ​លេខ​២១៥ ស្ថិតក្នុង​សង្កាត់​មិត្តភាព ខណ្ឌ ៧​មករា ។​

​យោងតាម​សាក្សី​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​មាន​បុរស​៣​នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មាស់​វី ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ​1BO-7205 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ​

ខាងលើ ស្រាប់​តែមាន​រថយន្ត​អូ​ឌី​មួយគ្រឿង ពណ៌​ស មិន​ចាំ​ស្លាក​លេខ បានធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ក្នុង​ល្បឿន​យ៉ាង​លឿន​ក៏​ជ្រុល​ល្បឿន​មក​បុក​ម៉ូតូ​ពីក្រោយ​យ៉ាង ពេញទំហឹង​ធ្វើ​ឲ្យ​អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់​ស្រាល ចំណែកឯ​ម៉ូតូ​រង​ការខូចខាត​ខ្ទិច​ផ្នែក​ខាងក្រោយ ហើយ​រថយន្ត​បង្ក​វិញ​បាន​រត់គេចខ្លួន​បាត់ស្រមោល​បន្ទាប់ពី​បង្កហេតុ​ហើយ​។​ ​ ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ ក៏ប៉ុន្តែ​ដោយ​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​មិន​ចង់​វែងឆ្ងាយ​ក៏​ឡើង​ជិះ​ម៉ូតូ​របស់ខ្លួន​បន្តទៅ​មុខ​ទៀត​ដោយ​មិន​ចង់​រំខាន​សមត្ថកិច្ច ៕