សៀមរាប៖ នៅរសៀលថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០២៤ ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងជា ប្រធាននាយកប្រតិបត្តិនៃស្ថាប័នអប់រំ អេជី និង លោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់ពាន បណ្ណសរសើរ និង រង្វាន់ដល់សិស្សជ័យលាភី និទ្ទេសA (ជំនាន់ទី១៥) នៅសាលប្រជុំ
សាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីអស់ លោកលោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស មាតាបិតា អាណាព្យាបាលសិស្ស ជាតិ អន្តរជាតិប្រមាណជា៣០០នាក់ចូលរួម ។
ថ្លែងក្នុងពិធីប្រគល់ពាន បណ្ណសរសើរ និង រង្វាន់ដល់សិស្សជ័យលាភី និទ្ទេសA ២០២៣-២០២៤ (ជំនាន់ទី១៥) និង ផ្តល់បណ្ណសរសើរជូនសិស្សពូកែ នៃសាលារៀនអារីហ្សូន សាខាខេត្តសៀមរាប ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាគ្រប់នីតិកាល តែងលើកកម្ពស់គុណភាពអប់រំជានិច្ច ព្រោះវិស័យអប់រំជាកត្តាមួយដ៏សំខាន់ ក្នុងការជម្រុញដល់យុវជនកម្ពុជា ឲ្យពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការជួយអភិវឌ្ឍ និងដឹកនាំប្រទេសជានាពេលអនាគត។ ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ។ ជាមួយនេះ វិស័យអប់រំឯកជនត្រូវបានលើកទឹកចិត្តឲ្យចូលរួមអភិវឌ្ឍធនធានមនុស្សចាប់ពីកម្រិតមតេយ្យ សិក្សា ដល់កម្រិតឧត្តមសិក្សា។
ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្ស សូមមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស ត្រូវអប់រំកូនចៅនៅផ្ទះរៀងៗខ្លួនបន្ថែម ក្រោយពួកគាត់ចេញពីសាលារៀន ឲ្យពួកគាត់ស្រឡាញ់ការសិក្សា និង យកចិត្តទុកដាក់ខ្ពស់ លើការសិក្សា ចូលកូនៗគ្រប់រូប(បើកសៀវភៅមើល ប្រសើរជាងបើកទូរស័ព្ទ) ដើម្បីទទួលបានចំណេះដឹង ជំនាញ និងបំណិន សម្រាប់ភាពជោគជ័យនាពេលអនាគត សំដៅអភិវឌ្ឍជីវិតខ្លួនឯង គ្រួសារ និងប្រទេសជាតិ ។ ក្នុងឱកាសនោះ ឧកញ៉ាវេជ្ជបណ្ឌិតក៏បានវាយតម្លៃខ្ពស់ ចំពោះគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀន និង អប់រំណែនាំ សិស្សានុសិស្សប្រកបដោយគុណភាព ពីមួយឆ្នាំសិក្សាមួយទៅឆ្នាំសិក្សាមួយ លើការបណ្តុះ បណ្តាល កាន់តែទទួលបាននូវធនធានប្រកបដោយគុណភាពទៀតផង ។ ឧកញ៉ាវេជ្ជបណ្ឌិតក៏បានលើកទឹកចិត្តដល់ក្មួយៗ ត្រូវបន្តខិតខំរៀនសូត្រ បង្កើនសមត្ថភាព ចំណេះដឹង ចំណេះធ្វើ និងបច្ចេកវិទ្យា ឈានឲ្យទាន់សភាពការសង្គមជាតិ និងសកលលោក ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អមានប្រយោជន៍សម្រាប់សង្គមជាតិយើងទៅអនាគត ។
តាមរបាយការណ៍របស់លោក ម៉ី ភារិទ្ធ នាយកប្រតិបត្តិប្រចាំតំបន់ បានឲ្យដឹងថា ឆ្នាំសិក្សាថ្មី២០២៤-២០២៥ សាលារៀន អារីហ្សូន សាខាខេត្តសៀមរាបមានសិស្សសរុបចំនួន ១ពាន់៨៥៥នាក់ ស្រីចំនួន១ពាន់៩២នាក់ មានកម្មវិធីសិក្សា ៣ភាសា ទី១.ចំណេះទូទៅខ្មែ ,ទី២.កម្មវិធីសិក្សាសឹង្ហបុរី និងទី៣.ភាសាចិន ។ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤នេះ មានសិស្សជ័យលាភីសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ៩នាក់ ស្រី៥នាក់ និង សិស្សឆ្នើមទទួលបានប្រាក់ខែ ប្រចាំខែធ្នូ ចំនួន ០៩ នាក់ ស្រី ០៧ នាក់ ព្រមទាំងគណៈនាយក និង គ្រូឆ្នើមក្នុងការបង្រៀន ចំនួន២៣នាក់ផងដែរ ។ លោកបានបន្តទៀតថា ដើម្បីកសាងខ្លួនឲ្យក្លាយជា កុមារ និង យុវជនសុភាពរាបសារ មានសុជីវធម៌ល្អក្នុងការរស់នៅមានចំណេះដឹងខ្ពង់ខ្ពស់ល្អទៅថ្ងៃអនាគតដើម្បីអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនឡើងក្លាយទៅជាប្រទេសដ៏រុងរឿងមួយនាពេលខាងមុខក្រោមការដឹកនាំដ៍វៃឆ្លាតប្រកបដោយគតិបណ្ឌិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃប្រទេស កម្ពុជា ក្រោមម្លប់សន្តិភាព៕




































