ខេត្តព្រះវិហារ៖ លទ្ធផលបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅទូទាំងក្រុងព្រះវិហារសមត្ថកិច្ចជំនាញមេព្រៃមិនទាន់បានរាប់និងវាស់វែងដឹងពីចំនួនប៉ុន្មានម៉ែត្រគូបនៅទ្បើយទេនៅពេលថ្មីៗនេះគ្រាន់តែដឹងថាវត្ថុតាងឈើប្រណីតទាំងអស់អាចនឹងកើនទ្បើងដល់១០០ម៉ែត្រគូបឯណោះ។កំលាំង
រដ្ឋបាលព្រៃឈើចុះបង្ក្រាបនេះដឹកនាំដោយលោកហ៊ុនអៀងនាយអធិការរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបលោកអ៊ិតភូម្រានាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារនិងលោកឆេញសេងនាយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ។ទីតាំងឃ្លាំងដ៍ធំក្នុងដីទ្បូតិ៍ធំ១កន្លែងស្តុកឈើខុសច្បាប់របស់ចែខិតស្ថិតនៅពីក្រោយតុលាការខេត្តក្នុងសង្កាត់កំពង់ប្រណាកក្រុងព្រះវិហារ
ដែលពី១៥ឆ្នាំមុនគ្មានសមត្ថមិច្ចជំនាញមេព្រៃណាម្នាក់ហ៊ានប៉ះពាល់និងបង្ក្រាបនោះពេលនេះអស់លក្ខណ៍ត្រូវកំលាំងរដ្ឋបាលព្រៃឈើសហការជាមួយអាជ្ញាធរចុះឆេកឆេរនិងបង្ក្រាបដូចសិប្បកម្មស្តុកឈើប្រណីតខុសច្បាប់ដ៍ទៃទៀត។ប្រជាពលរដ្ឋក្នុងមូលដ្ឋាននិយាយថាឃ្លាំងស្តុកឈើខុសច្បាប់របស់ចែខិតកន្លងមករកស៊ីធ្វើព្យុះភ្លៀងតាមអំពើចិត្តដោយសារអាជ្ញាធរខេត្តកាងមិនអោយជំនាញមេព្រៃប៉ះពាល់បង្ក្រាប់នោះទ្បើយដោយសារប្តីរបស់ចែខិតឈ្មោះតូចវង្សពីមុនជាអភិបាលក្រុងព្រះវិហារហើយបច្ចុប្បន្នជាប្រធានទីស្នាក់ការបក្សខេត្តព្រះវិហារ។
ជំនាញមេព្រៃ១រូបនិយាយថាអាជ្ញាប័ណ្ណមេព្រៃអនុញាតិអោយឃ្លាំងចែខិតស្តុកឈើអារលេខ១ប្រភេទគគីរតែ១០ម៉ែត្រគូបសំរាប់ធ្វើតុកៅអីប៉ុន្តែនៅពេលកំលាំងរដ្ឋបាលព្រៃឈើចុះបង្ក្រាបជាក់ស្ដែងរកឃើញឈើខុសច្បាប់រហូតដល់៣៣ម៉ែត្រគូប។អញ្ចឹងក្នុងរយះពេល១៥ឆ្នាំកន្លងមកនេះឃ្លាំងស្តុកឈើ១នេះបានប្រើប្រាស់ឈើខុសច្បាប់រហូតដល់១៥០០ម៉ែត្រគូបឯណោះដោយដឹងថាបច្ចុប្បន្នចែខិតបានក្លាយទៅជាសេដ្ឋីនីទៅហើយ។ប្រជាជននិយាយរិះគន់ធ្ងន់ៗថាការវិនាសហិនហោចព្រៃឈើនៅទូទាំងខេត្តព្រះវិហារបណ្តាលមកពីទីតាំងសិប្បកម្មកែច្នៃឈើប្រណីតបេងធ្នង់នាងនួននិងឈើគគីរកើតទ្បើងដូចផ្សិតត្រូវទឹកភ្លៀង
ដែលមានឈ្មួញល្បីឈ្មោះមួយចំនួនដូចជាឈ្មោះម៉ៅសុវណ្ណយោធាខេត្តពាក់សក្ដិ៥ឈ្មោះចែខិតឈ្មោះវៀតជនជាតិវៀតណាមម្នាក់ដ៍មានឥទ្ធិពលខ្លាំងតែម្ដង។ជាពិសេសពេលបច្ចុប្បន្ននេះសមត្ថកិច្ចប៉េអឹមស្រុកក្រុងខេត្តមួយចំនួនសុទ្ធតែជាអ្នករកស៊ីជួញដូរដឹកឈើប្រណីតបេងធ្នង់នាងនួនខុសច្បាប់គ្រប់ប្រភេទខ្លះបើកសិប្បកកម្មកែច្នៃឈើប្រណីតក្នុងបន្ទាយនៅតាមស្រុកដែលនេះសុទ្ធតែជាក្រុមជនល្មើសអាងអំណាចពាក់ស្បែកខ្លាជាសមត្ថកិច្ចចូលរួមបំផ្លិចបំផ្លាញព្រៃឈើនៅទូទាំងខេត្តព្រះវិហារបន្ថែមទៀត។សមត្ថកិច្ចប៉េអឹមនិងឈ្មួញឈើសុទ្ធតែជាមនុស្សចូលរួមបំផ្លិចបំផ្លាញព្រៃឈើនៅទូទាំងខេត្តព្រះវិហារដូចគ្នា៕