អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំក្រុមការងារ​ ចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងពលរដ្ឋ​ជាង៣០០ហិកតា​ នៅស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក

0

ត្បូងឃ្មុំ​:​ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារ​ ចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ​ ប្រមាណជាង​ ៣០០ហិកតា​ នៅក្នុងឃុំអញ្ចើម ស្រុកត្បូងឃ្មុំ និងឃុំដូនតី ស្រុកពញាក្រែក កាលពី​ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា​ ចំពោះបញ្ហាប្រឈម សំណូមពរ និងការលំបាករបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែមានការគិតគូរយកចិត្តទុកដាក់ខ្ពស់គ្រប់កាលៈទេសៈ និងដោះស្រាយ បានទាន់ពេលវេលា បើទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ជាពិសេសសម្ដេច តែងតែបានណែនាំ និងជំរុញដល់ស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ឲ្យបានជាប្រចាំ ដើម្បីចុះជួយអន្តរាគមន៍ដោះស្រាយ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើដល់មន្ទីរនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវដឹកនាំក្រុមការងារ​ និងមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ ដើម្បីសិក្សាអំពីស្ថានការណ៍ និងរកវិធីដើម្បីជួយសង្គ្រោះ ដល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលកំពុងទទួលរងការគម្រាមកំហែងដោយសារតែការកង្វះទឹកនារដូវប្រាំងនេះផងដែរ ។

បើតាមលោក សុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ឲ្យដឹងថា ៖ បន្ទាប់ពីទទួលបានការណែនាំពីឯកឧត្តម អភិបាលខេត្ត និងមានការស្នើសុំរបស់ប្រជាពលរដ្ឋទាំង២ឃុំ ក្នុងការបូមទឹកសង្គ្រោះស្រូវប្រាំង ភ្លាមៗមន្ទីរធនធានទឹកខេត្ត បានដាក់ម៉ាសុីនធន់មធ្យម ៦៥សេស ចំនួន១គ្រឿង សម្រាប់បូមទឹកសង្គ្រោះស្រូវប្រាំង (ប្រាំងលើកទី២ លើដីវស្សា) ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំចំនួន២ គឺ÷ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ និងឃុំដូនតី ស្រុកពញាក្រែក ដែលមានផ្ទៃដីសង្រ្គោះ សរុបចំនួន​ ៣០៧ហិកតា ៕