កំពង់ចាមៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានស្នើដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យធ្វើការផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនអាជីវករនៅតាមទីតំបន់ផ្សារនានា ត្រូវបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំប្រព័ន្ធបណ្តាញអគ្គិសនី ខណៈក្នុងមួយខែមានករណីអគ្គីភ័យឆាបឆេះចំនួន ៦លើក ការថ្លែងបែបនេះក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្នុងអំឡុងខែធ្នូ ២០២៤កន្លងទៅថ្មីៗនេះ បញ្ហាអគ្គីភ័យបានកើតឡើង ចំនួន ៦លើក បើប្រៀបធៀបទៅនឹងខែវិច្ឆិកា គឺពុំមានករណីអគ្គីភ័យកើនឡើងនោះទេ ដូច្នេះសូមឱ្យអាជ្ញាធរ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួម គ្នាធ្វើការបង្ការ ធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋ របស់យើងមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេស នោះគឺ ប្រព័ន្ធភ្លើងអគ្គិសនីតែម្តង ដែលត្រូវត្រួតពិនិត្យជាប្រចាំចំពោះកុងតាក់បិទបើក ឧបករណ៍ប្រើប្រាស់ផ្សេងៗ និងប្រព័ន្ធខ្សែភ្លើងជាដើម ពោលគឺមិនត្រូវប្រើប្រាស់សំភារៈចាស់ៗនោះឡើយ ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងផងដែរថា ក្នុងអំឡុងខែធ្នូ ២០២៤ កន្លង ទៅថ្មីៗនេះដែរ មានករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ១៦លើក បើប្រៀបធៀបទៅនឹង ខែវិច្ឆិកា គឺមានការកើនឡើង ចំនួន ៥លើក បណ្តាលឱ្យស្លាប់មនុស្សចំនួន ៨នាក់ និងរងរបួសចំនួន ២០នាក់ ក្នុងនោះស្រុកកំពង់សៀម មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនជាងគេ គឺមាន ចំនួន ៣លើក និងស្រុកបាធាយ ចំនួន ២លើក ក្រៅពីនោះ គឺនៅតាមបណ្តាស្រុកផ្សេងៗ ករណី គ្រោះថ្នាក់ចរាចរណ៍កើតឡើងតែ ១លើកៗទេ ពោលគឺបញ្ហាគ្រោះថ្នាក់ចរាចរនៅតែជាបញ្ហាប្រឈម ដែលទាមទារឱ្យ មានការដាក់ចេញនូវវិធានការចាំបាច់នានា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់នេះ កុំឱ្យកើនឡើងបន្តទៀត ៕