ខេត្តក្រចេះ៖ ក្នុងរយៈពេលមួយសប្តាហ៍ មុនព្រះរាជពិធីបុណ្យអ៊ុំទូកដែលទូកនៅតាម បណ្តារខេត្ត មួយចំនួនបានរៀបចំដឹកនាំទៅប្រណាំង នៅរាជធានីភ្នំពេញនោះ ក្រុមឈ្មួញជាច្រើននៅខេត្តក្រចេះ បានឆ្លៀតយក ឱកាសនេះទៅធ្វើអាជីវកម្មដឹកឈើខុសច្បាប់យ៉ាង គគ្រឹកគ្រេង តាមដង
ទន្លេរមេគ្គង លើស្ថិតក្នុងស្រុកសំបូរ ក្រោមការបើកដៃពីសំណាក់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តក្រចេះ ។ ជាក់ស្តែងកាលពីថ្ងៃទី០២ ខែវិច្ចិការនេះ ក្រុមឈ្មួញបានធ្វើសកម្មភាពដឹកជញ្ជូនឈើ អារ ដោយ លួចបង្កាប់ ឈើប្រណិតដែលជា ប្រភេទឈើធ្នង់ ខុសច្បាប់ យកលេសថា ជាទូក អូសទូកងរទៅ ប្រណាំងនៅឯទីក្រុងភ្នំពេញ ហើយឈើទាំងនេះត្រូវបានគេដឹងថាមាន ក្រុមឈ្មួញជាច្រើនដែលត្រូវបានគេដឹងថា សុទ្ឋសឹងជាមន្ត្រីអ្នកមានមុខមាត់ធំ នៅស្រុកសំបូរ ក្នុងនោះមានទាំងគ្រូបង្រៀនម្នាក់ឈ្មោះ គ្រូ ព្រលឹង ជាអ្នករាប់រងចេញមុខក្នុងចំណោម បក្សពួក គេ បាន ប្រើប្រាស់ទូកធំដោយមានផ្ទុកឈើអាលេខ១ ពេញប្រៀប ។
ហើយដោយសារ ការផ្ទុកខ្លាំងលើសចំណុះក៏ទៅបុកជាមួយ នឹងគោលថ្ម កណ្តាលទន្លេរ គឿងជាប់ទៅមុខលែងរួច ពេញមួយថ្ងៃ ពុំមានការរំខានដល់ភ្នែក សមត្ថកិច្ចជំនាញឬមន្ត្រីពាក់ព័ន្ធ ឡើយ ក្នុងនោះមានមន្ត្រីរដ្ឋបាលព្រៃឈើ សង្កាត់រដ្ឋបាល ព្រៃវឌ្ឍនៈ នៃផ្នែករដ្ឋបាលព្រៃឈើ ព្រែកប្រសព្វ បានចុះទៅពិនិត្យមើលតែគ្មានវិធានការបន្តិចសោះឡើយ ដោយបណ្តោយអោយឈ្មួញរើឈើដោយរលូន ។ ប្រភពពីមន្ត្រីម្នាក់បានលួចខ្សឹបប្រាប់ CTN ថា ទូកដឹកឈើ
ខុសច្បាប់ខាងលើ ត្រូវបានគេដឹងថា ក្រុមឈ្មួញបានប្រមូលទិញឈើប្រណិតនិងឈើអារ ស្តុកទុកជាច្រើនថ្ងៃមកហើយ ដោយដឹកតាមទូក ត្រៀមទុកនៅក្នុងទឹកដី ស្រុកសំបូរ និងស្រុកព្រែកប្រសព្វ បម្រុងដឹកចេញទៅទីក្រុងភ្នំពេញជាមួយទុកងរតែសំណាងអាក្រក់បានបុកនិងគោលថ្មចាប់ពីម៉ោង៧ព្រឹករហូតពេញ១ថ្ងៃ ។មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ ឈ្មោះ លោក ថ្លាង ឡុង នាយរងសង្កាត់រដ្ឋបាលព្រៃ ឈើវឌ្ឍនៈ បានចុះទៅមើលទូកដឹកឈើខុសច្បាប់នោះ គ្រាន់តែអើតហើយត្រឡប់មកវិញ ដោយបណ្តោយឲ្យក្រុម ឈ្មួញយកកាណូតតូចជាច្រើនគ្រឿងទៅជញ្ជូនជម្លៀសចេញយ៉ាងគគ្លើន ។
ប្រជាពលរដ្ឋ ស្រុកសំបូរបានធ្វើការរិះគន់ ទៅលើជំនាញរដ្ឋបាលព្រៃឈើ វឌ្ឍនៈនិង ផ្នែកព្រែក ប្រសព្វ ថាជាអ្នកបើកដៃ និងសម្របសម្រួលអោយ ក្រុមឈ្មួញ ទើបពួកគេមិនហ៊ាន ចេញមុខទៅបង្ក្រាប ជំនួញឈើខុសច្បាប់ នេះ។គួរបញ្ជាក់ ថាទូកដឹកឈើទាំងនេះ កាលពីថ្ងៃ ៣០ ខែតុលា ទូកមួយគ្រឿងបានជាប់គឿងខ្សាច់កណ្តាលទន្លេរទៅមុខមិនរួចព្រោះតែផ្ទុកឈើលើសចំណុះ ហើយមន្ត្រីជំនាញ បានធ្វើកំណត់ហេតុឲ្យ រើចុះវិញ និងដោះលែងឲ្យរួច
ម្តងមកហើយ ដោយឡែកថ្ងៃនេះទូករបស់ឈ្មួញឈ្មោះ គ្រូព្រលឹង ដដែល មិនត្រឹមតែមិនអនុវត្តតាមកំណត់ហេតុទេ ថែមទាំងបានទៅដាក់ឈើបន្ថែមពេញប្រៀបផ្គើនទៅវិញ ។ដោយឡែកស្រុកសំបូរគឺជាស្រុកមួយដែលមានបទល្មើសព្រៃឈើកើតឡើងជាអចិន្ត្រៃ ដែលមានទូក តូចធំដឹកជញ្ជូនមកស្តុកដើម្បីលើកដឹកតាមរថយន្ត ទៅលក់បន្តរ ។