មនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មនៅតាមដងផ្លូវនានាក្នុងប្រទេសទួរគី និងនៅតាមបណ្តាប្រទេសក្នុងសហភាពអឺរ៉ុបកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៤ ដើម្បីបង្ហាញសាមគ្គីភាពជាមួយក្រុមជនជាតិឃើដស៊ីរីនៅក្នុងទីក្រុងកូបាន(Kobane) ដែលដណ្តើមកាន់កាប់ដោយពួកអិស្លាមបង្កើតរដ្ឋ(IS) រយៈពេលជាង៦សប្តាហ៍កន្លងមកហើយនោះ។
អ្នកឆ្លើយឆ្លងព័ត៌មាន AFP បានថ្លែងថា ការធ្វើបាតុកម្មនៅទួរគីនៅពេលនេះប្រព្រឹត្តទៅដោយសន្តិភាព មិនដូចបាតុកម្មគាំទ្រក្រុមឃើដស៊ីរីកាលពីខែតុលានោះទេ ដែលបានបណ្តាលឲ្យមានមនុស្សបាត់បង់ជីវិត។ អាជ្ញាធរបានព្រមានថា ពួកគេនឹងអស់ការអត់ធ្មត់ ប្រសិនបើបាតុកម្មមានផ្ទុះហិង្សាណាមួយកើតឡើង។
មិនថាតែនៅទួរគីនោះទេ ដែលមានបាតុកម្មគាំទ្រក្រុមឃើដស៊ីរី ប្រឆាំងក្រុមអិស្លាមបង្កើតរដ្ឋ, នៅជុំវិញពិភពលោកដូចជានៅទីក្រុងប្រ៉ុចសែល, ហេមប៊ឺក(Hamburg), ឡុងដុង, ម៉ូនិក, ទីក្រុងប៉ារីស និងនៅបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប ក៏មានបាតុកម្មគាំទ្រជនជាតិឃើដស៊ីរីនៅកូបានប្រឆាំងក្រុម IS ផងដែរ។
ក្រុមអិស្លាមបង្កើតរដ្ឋបានចូលលុកលុយទីក្រុងកូបានកាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៤ ដោយបង្ខំឲ្យជនភៀសខ្លួនប្រមាណ២០០.០០០នាក់ចូលទៅកាន់ប្រទេសទួរគី ។ ប៉ុន្តែដោយមានការជួយជាកម្លាំងពីសំណាក់ក្រុមសកម្មប្រយុទ្ធជនជាតិឃើដស៊ីរី, ព្រមទាំងការដឹកនាំសម្ពន្ធមិត្តរបស់អាមេរិកវាយប្រហារពីលើដែនអាកាស និងពីកងកម្លាំង peshmerga អ៊ីរ៉ាក់ផងនោះ ទើបធ្វើឲ្យក្រុមអិស្លាមបង្កើតរដ្ឋមិនអាចឈរជើងបានយូរនៅទីក្រុងកូបាន ។ នេះជានិមិត្តរូបមួយដ៏សំខាន់នៅក្នុងការធ្វើសមរភូមិប្រឆាំងក្រុមអិស្លាមបង្កើតរដ្ឋ។
នៅកណ្តាលទីក្រុងអេស្ទេនប៊ូល ក្រុមបាតុករគាំទ្រជនជាតិឃើដប្រមាណ១ពាន់នាក់បាននាំគ្នាធ្វើបាតុកម្មផងដែរដោយកាន់រូបភាពក្រុមសកម្មប្រយុទ្ធជនជាតិឃើដស៊ីរីដែលបាត់បង់ជីវិតនៅក្នុងសមរភូមិ និងស្រែកពាក្យស្លោកថា «កូបានជារណ្តៅមរណៈរបស់ក្រុម IS»។ ព្រឹត្តិការណ៍ទ្រង់ទ្រាយធំជាងនេះបានកើតឡើងនៅទីក្រុង Diyarbaki ជាទីប្រជុំជនដែលមានជនជាតិឃើដរស់នៅច្រើនជាងគេបង្អស់នៅក្នុងប្រទេសទួរគី។ នៅទីនេះបាតុករជាង១៥.០០០នាក់បានធ្វើបាតុកម្ម ដោយលើកដៃឡើងជាសញ្ញាអក្សរ V តំណាងឲ្យភាពជោគជ័យ នៅក្នុងការប្រឆាំងក្រុមអិស្លាមបង្កើតរដ្ឋ ស្ថិតក្រោមការយាមកាម ការពារសន្តិសុខយ៉ាងយកចិត្តទុកដាក់៕