ខេត្តក្រចេះ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម នេត្រ ភក្ត្រា បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ឱ្យខិតខំពង្រឹងសេវាសាធារណៈ ជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល ដើម្បីកាត់បន្ថយការលំបាកជូនពួកគាត់ ព្រោះសុខទុក្ខរបស់ពលរដ្ឋ ជានិច្ចកាលជាក្តីកង្វល់របស់ រាជរដ្ឋាភិបាល។
ប្រសាសន៍ដាស់តឿន ក្រើនរំលឹករបស់ ឯកឧត្តម នេត្រ ភក្ត្រា នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ នាថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៥ នៅសាលមហោស្រពខេត្តក្រចេះ ។
នៅក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត បានខិតខំប្រឹងប្រែងរៀបចំ នូវគោលនយោបាយយុទ្ធសាស្ត្រ ផែនការ និងសកម្មភាពនានា ដើម្បីឆ្លើយតប និងបង្កើនជីវភាពរស់នៅ រួមទាំងសុខដុមនីយកម្មក្នុងសង្គម ជូនប្រជាពលរដ្ឋ ។
ឯកឧត្តមរដ្ឋមន្ត្រី បានដាស់តឿន ក្រើនរំលឹកអាជ្ញាធរមូលដ្ឋាន ឱ្យបន្តខិតខំពង្រឹងសេវាសាធារណៈ ជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល ដើម្បីកាត់បន្ថយការលំបាក និងផ្តល់ជំនឿចិត្តឱ្យកាន់តែខ្លាំងមកលើអាជ្ញាធរ រាជរដ្ឋាភិបាល ពោល គឺសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ចំពោះអាជ្ញាធរស្រុក ដែលមានភូមិ ឃុំ ស្ថិតនៅក្នុងតំបន់ដាច់ស្រយាល ត្រូវសិក្សាឱ្យច្បាស់លាស់ពីភូមិឋានប្រជាពលរដ្ឋ ដែលនៅដាច់ឆ្ងាយពីគ្នា ដើម្បីពិនិត្យមើលលទ្ធភាពបង្កើតឱ្យមានតំណាង សម្រាប់បម្រើសេវាជូនពួកគាត់ ទៅសុំសេវាសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។
ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ប្រធាន អនុប្រធាន និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុក-ក្រុងទាំង៧ ក្នុងខេត្តក្រចេះ ត្រូវបន្តការផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ ហើយបន្តរៀបចំវេទិកាសាធារណៈ នៅតាមឃុំ និងស្រុកនានា ដើម្បីក្តាប់ឱ្យបាននូវក្តីកង្វល់ សំណើ និងសំណូមពរពីប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយនូវរាល់បញ្ហាដែលកើតមានឡើង ជាពិសេសបន្តរួមគ្នាក្នុងការថែរក្សាសន្តិភាព និងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាជន ត្រូវតាមដាន និងក្តាប់ឱ្យជាប់នូវសភាពការណ៍នានា នៅក្នុងមូលដ្ឋានឱ្យបានច្បាស់លាស់ ក្នុងន័យធ្វើយ៉ាងណាដោះស្រាយបញ្ហា ដែលបានកើតឡើងឱ្យបានរហ័ស និងទាន់ពេល៕ដោយ៖ឡុង សំបូរ