បន្ទាយមានជ័យ៖បុរសជនជាតិថៃ ដែលធ្វើឃាតលោក លិម គិមយ៉ា អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ នៅទីក្រុងបាងកក ប្រទេសថៃ ត្រូវបានសមត្ថកិច្ចកម្ពុជា ប្រគល់ឱ្យសមត្ថកិច្ចថៃ នៅព្រឹកថ្ងៃទី១១ ខែមករាឆ្នាំ២០២៥នេះ។ នេះបើតាមការប្រាប់អោយដឹងពីអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។
ជនសង្ស័យរូបនេះមានឈ្មោះ អេកាឡាក់ ភាណយ (Ekkalak Pheanou) ដែលត្រូវបានចាប់ខ្លួន នៅខេត្តបាត់ដំបង ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែមករា ក្រោយរត់គេចចេញពីប្រទេសថៃចូលមកកម្ពុជា។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងបន្ថែមថា ការចាត់បញ្ជូនជនសង្ស័យនេះ ធ្វើឡើងទៅតាមការស្នើសុំរបស់ភាគីថៃ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ខណៈបទល្មើសនេះបានកើតឡើងនៅក្នុងប្រទេសថៃ។
ករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះឈ្មោះ លិម គិមយ៉ា ភេទប្រុស កើតឆ្នាំ១៩៥១ ជនជាតិខ្មែរ សញ្ជាតិបារាំង បង្កឡើងខ្មាន់កាំភ្លើង កាលពីវេលាម៉ោង ១៧:៤៥នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៥ នៅចំណុចផ្លូវ ១៣ហាង សង្កាត់ប៊ូរិន និវេទវិហារ ខណ្ឌព្រះនគរ ទីក្រុងបាងកក ប្រទេសថៃ។ ដោយ៖ឃិន គន្ធា