សៀមរាប៖ ឯកឧត្តម សឿន រឿត សមាជិកគណៈកម្មាធិការកណ្តាល និង ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកជីក្រែង ខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា, ១៩៧៩.២០២៥ នៅស្រុកជីក្រែង ដោយមានការនិមន្ត អញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាសមាជិកក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ និងកងកម្លាំង សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋប្រមាណជា១ពាន់នាក់ចូលរួមផងដែរ នៅព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៥នេះ។
បន្ទាប់ពីសមាជិកអង្គមីទ្ទិញទាំងមូលបានស្ដាប់នូវខ្លឹមសារសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងពិធីអបអរសាទរខួប៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា ១៩៧៩.២០២៥ រួចមក មានប្រសាសន៍សំណេះសំណាលនោះដែរឯកឧត្តម សឿន រឿត បានពាំនាំនូវការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន សម្តេចគតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ,សម្តេចពិជ័យសេនា ទៀ បាញ់ និង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋស្រុកជីក្រែង ក្នុងឱកាសខួបអនុស្សាវរីយ៍លើក៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា ១៩៧៩ .២០២៥ ។ ឯកឧត្តមប្រធានក៏បានថ្លែងបញ្ជាក់ជូនដល់រដ្ឋបាលស្រុក ឃុំ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ បើគ្មានមហាជ័យជម្នះថ្ងៃ៧មករា ឆ្នាំ១៩៧៩នោះទេ ក៏គ្មានអ្វីៗទាំងអស់ដូចថ្ងៃសព្វថ្ងៃនេះដែរ ។ ឯកឧត្តមក៏បានអរគុណនយោបាយ ឈ្នះ ឈ្នះ ! ដឹងគុណជានិច្ច ស្ថាបនិកមគ្គទេសក៍ឯក និង ប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និង ការឯកភាពជាតិពេញលេញ ។ ក្នុងនោះឯកឧត្តម បានបង្ហាញនូវក្តីសោមនស្សរីករាយជាទីបំផុត ដែលឯកឧត្តមបានចូលរួម ក្នុងអង្គមីទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាបុណ្យជាតិ ៧មករា ដែលជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជា បានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ឯកឧត្តម សឿន រឿត មានចំណាប់អារម្មណ៍ដល់អង្គពិធី ដើម្បីជាការយល់ដឹង និងចងចាំជានិច្ចថា គ្រាដែលប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃ ដែលមានកម្លាំងនយោបាយ តែមួយគត់គឺគណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូរំដោះជាតិ រួចចេញពីបនប្រល័យពូជសាសន៍ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សង្គ្រោះជីវិតប្រជាជនកម្ពុជា ឲ្យរួចផុតពីសេចក្តីស្លាប់ និង បានដឹកនាំប្រទេសជាតិ ធ្វើឲ្យប្រជាជនរស់នៅក្នុងកិត្តិយស សេចក្តីថ្លៃថ្នូរ សុខសន្តិភាព ប្រកបដោយសេចក្តីសង្ឃឹម និង ភាពញញឹមស្រស់ស្រាយគ្រប់ពេលវេលា និងគ្រប់ទីកន្លែង រហូតមកដល់បច្ចុប្បន្ននេះ។ ឯកឧត្តម សឿន រឿត បានគូសបញ្ជាក់ថា (បើគ្មានមហាជ័យជម្នះ៧មករា១៩៧៩ គឺគ្មានអ្វីៗដូចសព្វថ្ងៃនេះទេ) ហើយព្រឹត្តិការណ៍ជ័យជន្នះ ៧មករា ១៩៧៩ ជាសច្ចៈធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចបុគ្គលណាបដិសេធបានឡើយ ។ ឯកឧត្តមប្រធានក៏បានលើកឡើងពីគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន នៃការរំដោះប្រជាពលរដ្ឋកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាការពុះពររបស់សម្ដេចតេជោ ហ៊ុន សែន រួមនឹងឥស្សរជនសំខាន់ជាច្រើនទៀតរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យប្រជាពលរដ្ឋចាត់ទុកថ្ងៃ៧មករា ជាថ្ងៃកំណើតទី២របស់ខ្លួន។ ក្នុងរយៈពេល ៤៦ ឆ្នាំកន្លងមកនេះ ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិត ទេពកោសល្យ និងភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជាអតីតនាយករដ្ឋមន្រ្តី ដែលជាអគ្គមគ្គុទេ្ទសដ៏ឆ្នើម បានធ្វើឲ្យប្រទេសកម្ពុជានិងប្រជាជនបានរស់រានឡើងវិញ មានសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី មានការអភិវឌ្ឍលើគ្រប់វិស័យ និង មានកិត្យានុភាពនៅលើឆាកអន្តរជាតិ។ ឯកឧត្តមបានអំពាវនាវឲ្យចូលរួមទាំងអស់គ្នា ប្តេជ្ញាថែរក្សា រាល់សមិទ្ធផលដែលសម្រេចបានក្រោយថ្ងៃរំដោះ ៧មករា ឲ្យបានគង់វង្សជារៀងរហូត ដោយមិនអនុញ្ញាតឲ្យមជ្ឈដ្ឋានណាមួយមកបំផ្លាញទៅវិញបានឡើយ ទោះបី ជាត្រូវបង់ដោយតម្លៃណាមួយក៏ដោយ ។ ពិសេសត្រូវចូលរួមការពារសុខសន្តិភាពដែលមានសព្វថ្ងៃដែលយើងបានមកដោយលំបាក ឲ្យនៅគង់វង្សយូរអង្វែងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រធាន និងសម្តេចធិបតី ជាអនុប្រធាន និង សម្តេចអនុប្រធានជាច្រើនរូបទៀត ដើម្បីឲ្យប្រទេសយើងកាន់តែអភិវឌ្ឍរីកចម្រើនតទៅមុខថែមទៀត ។ ដូច្នេះយើងគ្រប់រូបត្រូវដឹងគុណ និង អរគុណនយោបាយ ឈ្នះ ឈ្នះ ! ដឹងគុណជានិច្ច ស្ថាបនិកមគ្គទេសក៍ឯក និង ប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និង ការឯកភាពជាតិពេញលេញ ។ក្នុងនោះដែរតំណាងសមាជិកអង្គមីទិ្ទញបានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការការពារសន្តិភាព ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ ការពារព្រះមហាក្សត្រ គាំទ្រអនុវត្តឲ្យបានជោគជ័យ នូវគោលនយោបាយ និង យុទ្ធ សាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ព្រមទាំងចូលរួមអនុវត្តកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល តាមអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់ ប្រកបដោយឆន្ទៈមុតស្រួច ស្រុះដៃគ្នា និង មានប្រសិទ្ធភាព និង បន្តពង្រឹងនិងពង្រីកកេរ្តិ៍មរតកនៃថ្ងៃជ័យជម្នះ ៧មករា ដើម្បីភាពរុងរឿងថ្កើនថ្កានរបស់ព្រះរាជាណាចក្រកម្ពុជា ជារៀងរហូត ៕