សៀមរាប: ក្នុងដំណើរចុះបំពេញបេសកកម្មនៅលើទឹកដីខេត្តសៀមរាប សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប អមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពាជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប និង ឯកឧត្តមអ្នក ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត រួម ទាំងឯកឧត្តម លោកជំទាវជាសមាជិកព្រឹទ្ធសភា រដ្ឋសភា និង សមាជិកក្រុមការងារចុះជួយខេត្ត លោកលោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បានចុះធ្វើការស្វែងយល់ ពីការលក់ដូរ ផលដំណាំកសិផលដែលបងប្អូនប្រជាកសិករយើង ផលិតបាននៅតាមសហគមន៍ នៅតាមបណ្តាភូមិ ឃុំសង្កាត់ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលបាន នាំដាក់លក់នៅផ្សារចុងសប្តាហ៍ ជារៀងរាល់ថ្ងៃសៅរ៍ និង អាទិត្យ ដែលបានដាំដុះដោយប្រើប្រាស់ជីធម្មជាតិ មិនប្រើប្រាស់ជីគីមី នោះឡើយ ។
ក្នុងដំណើរទស្សនា ពីការលក់ដូររបស់បងប្អូនប្រជាកសិករ សម្តេចពិជ័យសេនា បានធ្វើការសន្ទនាក្នុងភាពស្និតស្នាលជាមួយបងប្អូនប្រជាកសិករ លក់បន្លែ ផ្លែឈើ ត្រី សាច់ ព្រមទាំងបានធ្វើការណែនាំបងប្អូនយើង ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ជីវភាពរបស់បងប្អូន តាមរយៈការផលិតផលកសិកម្មប្រកបដោយគុណភាពខ្ពស់ គ្មានជាតិគីមី ដែលមិនធ្វើឲ្យប៉ះពាល់សុខភាពដល់អ្នកបរិភោគនោះឡើយ ។ សកម្មភាពទាំងនេះ បានសបញ្ជាក់អំពីតម្លៃ នៃសន្តិភាព ដែលធ្វើឲ្យយើងគ្រប់គ្នាដឹងគុណ និង អរគុណនយោបាយ ឈ្នះ ឈ្នះ ! ដឹងគុណជានិច្ច ស្ថាបនិកមគ្គទេសក៍ឯក និង ប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និង ការឯកភាពជាតិពេញលេញ ។ ម៉្យាងទៀត ទីផ្សារគឺជាទីកន្លែងដោះប្តូរ មុខទំនិញ គ្នាទៅវិញទៅមក ហើយទីផ្សារចុងសប្តាហ៍នេះបានបម្រើជូនដល់ភ្ញៀវជាតិ អន្តរជាតិ សំខាន់ភ្ញៀវទេសចរណ៍ ។
ស្ថិតក្រោមដំបូលសុខសន្តិភាព បានធ្វើឲ្យប្រជាពលរដ្ឋយើង មានសិទ្ធិសេរីភាព លើការប្រកបមុខរបរចិញ្ចឹមជីវិត ព្រមទាំងរាជរដ្ឋាភិបាលបានបើក ទូលាយដល់អ្នកវិនយោគទុនជាតិ អន្តរជាតិ ក្នុងការចូលរួមបង្កើនការងារជូនដល់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយការធ្វើចំណាកស្រុករបស់បងប្អូនទៅក្រៅប្រទេសផងដែរ ។ ដើមី្បភាពសុខសាន្តរបស់យើងគ្រប់រូប គឺត្រូវចូលរួមជ្រោងទង់សាមគ្គី ក្នុងការថែរក្សាសន្តិភាពនៅកម្ពុជា ឲ្យបានគង់វង្សជារៀងរហូត ដោយមិនអនុញ្ញាតឲ្យមជ្ឈដ្ឋានណាមួយមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ដោយតម្លៃណាមួយក៏ដោយ ៕