កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវបន្តរួមគ្នាអនុវត្តផែនការយុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ពោលគឺត្រូវប្តេជ្ញាធ្វើយ៉ាងណាឱ្យល្បែងស៊ីសងមានការថមថយ នឹងឈានទៅដល់ការលុបបំបាត់ទាំងស្រុងនៅក្នុងមូលដ្ឋាន។ ការថ្លែងបែបនេះក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្ត ការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំឱ្យរួមគ្នាបន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់បទល្មើសគ្រប់រូបភាព ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ ការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ និងបទល្មើសផ្សេងៗទៀត ជាពិសេសត្រូវរួមគ្នាអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» សំដៅលើកកម្ពស់ ការចូលរួមរបស់មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទ ល្មើសនានា ក្រុមក្មេងទំនើង នៅតាមមូលដ្ឋានផងដែរ ។
ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក រួមនឹងមន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវបន្តពង្រឹង និងអភិវឌ្ឍប្រព័ន្ធសុខាភិបាលនៅគ្រប់មូលដ្ឋាន សុខាភិបាលក្នុងខេត្ត សំដៅលើក កម្ពស់ សុខុមាលភាពសង្គម និងការលើកកម្ពស់ការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព ដោយត្រូវធ្វើការត្រួតពិនិត្យមូលដ្ឋានសុខាភិបាលឯកជនទាំងអស់ដែលកំពុងផ្តល់សេវា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស និងឯកសារប្រើប្រាស់សម្រាប់អ្នកជំងឺ។ល។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានណែនាំឱ្យបន្តពង្រឹងគុណភាព ក្នុងការផ្តល់សេវាសាធារណៈនៅគ្រប់កំរិត ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព រហ័ស គណនេយ្យភាព និងឆ្លើយតបឱ្យបានទាន់ពេលវេលា និងការជឿទុកចិត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ៕