ខេត្តរតនគិរី៖ អភិបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន បានអញ្ជើញដឹកនាំក្រុមការងារថ្នាក់ខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងសមាជិកក្រុមប្រឹក្សាខេត្ត នាំយកអំណោយរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនតាមរយៈក្រសួងសង្គមកិច្ច និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រ ស្ត្រីមរម៉ាយ ចាស់ជរា កុមារកំព្រា និងជនការ ២១០គ្រួសារ ដែលកំពុងរស់នៅក្នុងឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ។
ប្រជាពលរដ្ឋទីទ័លក្រទាំង ២១០គ្រួសារ ក្នុង១គ្រួសារៗ ទទួលបាន អង្ករ ១បេ មីជាតិ ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ ភួយ១ និងមុង១ ផងដែរ។
អភិបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន មានប្រសាសន៍ថា ដោយមើលឃើញពីស្ថានភាពរបស់ប្រជាពលរដ្ឋ ដែលជួបការលំបាកលើជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និងជនរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ ដែលត្រូវការជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល ទើបក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បទា ដែលមានមន្ទីរសង្គមកិច្ចខេត្ត ជាសេនាធិការឲ្យក្រសួង បាននាំយកអំណាយរបស់រាជរដ្ឋាភិបាល មកចែកជូនប្រជាពលរដ្ឋនៅពេលនេះ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដែលជួបប្រទះការខ្វះខាត និងដោះស្រាយលើជីវភាពរបស់បងប្អូនបានមួយកំរិត សំដៅការអភិវឌ្ឍ រួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូន ឲ្យកាន់តែល្អថែមទៀត ។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ទៀតថា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អាណត្តិទី៧នេះ និងបន្តធ្វើឲ្យប្រទេសមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នលើគ្រប់វិស័យ ព្រមទាំងបានយកចិត្តទុកដាក់ គិតគូសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរតនគិរី នៅរយៈពេលថ្មីៗកន្លងមកនេះ បានផ្តល់អំណោយជាស្បៀងអាហារ ជូនប្រជាពលរដ្ឋទីទ័លក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការចំនួន ២១០គ្រួសារ រួចមកហើយ នៅក្នុងស្រុវើនសៃ នៃខេត្តរតនគិរី៕ដោយ៖ឡុង សំបូរ