ឯកឧត្តម វង្សី វិស្សុត អញ្ជើញជាអធិបតី​បិទសន្និបាតប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តកំពង់ធំ

0

កំពង់ធំ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ថោង ខុន​​​​​ ទេសរដ្ឋមន្ត្រី ឯកឧត្តម ហួត ហាក់ ​រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវ កុយ ពិសី​​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្ដម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ, មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត និងកម្លាំងមានសមត្ថកិច្ច ស្រុក ក្រុង ឃុំ សង្កាត់ សរុបប្រមាណ៥០០រូប នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ ឯកឧត្តម នួន ផារ័ត្នអភិបាលខេត្តកំពង់ធំ ស្តីពីលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារបន្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ក្នុងនាម​​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្តែងការអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់នៃខេត្តកំពង់ធំ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ខិតខំប្រឹងប្រែង យកចិត្តទុកដាក់អនុវត្តភារកិច្ចយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ សម្រេចបាននូវវឌ្ឍនភាពនិងសមិទ្ធផលជាច្រើន។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសបញ្ជាក់អំពីទស្សនាទានរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អំពីគុណតម្លៃនៃសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ ដើម្បីសម្រេចគោលដៅជាយុទ្ធសាស្ត្រ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពង់ធំ សំដៅបន្តថែរក្សា និងពង្រីកនូវសមិទ្ធផលរបស់ខេត្តបន្ថែមទៀត ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានផ្ដល់នូវអនុសាសន៍ និងគោលការណ៍ណែនាំបន្ថែមលើកិច្ចការសំខាន់ៗមួយចំនួនសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ ដើម្បីពង្រឹង និងលើកស្ទួយសេដ្ឋកិច្ចនៅមូលដ្ឋាន និងការដោះស្រាយជីវភាពប្រជាជន ជាពិសេសការធ្វើពិពិធកម្មកសិកម្ម ដោយផ្ដល់បច្ចេកទេស ព័ត៌មានអំពីការសិក្សាទីផ្សារ និងត្រូវរិះរកវិធីសាស្ត្រកាត់បន្ថយការខាតបង់ របស់ប្រជាជនពីរបរកសិកម្ម, បង្កើតនិងបង្កើនមុខរបរ ប្រភពចំណូលផ្សេងៗជូនប្រជាជន ឱ្យទទួលបានចំណូលច្រើនជាងមុននិងមានស្ថិរភាព, រៀបចំផែនការអភិវឌ្ឍខេត្តដោយផ្សារភ្ជាប់និងប្រទាក់ក្រឡាជាមួយផែនការមេដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានបាននិងកំពុងរៀបចំ ជាអាទិ៍ ផែនការអភិវឌ្ឍកសិឧស្សហកម្ម ដំណាំស្វាយចន្ទី ផែនការអភិវឌ្ឍទេសចរណ៍ខេត្ត ផែនការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធរូបវន្តក្នុងខេត្ត ព្រមទាំងត្រូវបង្កលក្ខណៈងាយស្រួលដល់វិស័យឯកជន ជាពិសេសអាជីវកម្មខ្នាតតូចនិងមធ្យម សំដៅធានាការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋាននិងការរីកចម្រើនរបស់ខេត្តកំពង់ធំ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានណែនាំដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ឱ្យយកចិត្តទុកដាក់ពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាគ្រប់ប្រភេទ, ការផ្ដល់សេវាតាមយន្តការច្រកចេញចូលតែមួយឱ្យបានល្អប្រសើរ, ការដោះស្រាយបញ្ហាអត្រានុកូលដ្ឋាន ការធ្វើអត្តសញ្ញាណបណ្ណ ទាំងការធ្វើថ្មី ទាំងកែតម្រូវ ជៀសវាងកុំឱ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ, ជំរុញការចុះបញ្ជីដីធ្លី ការចេញបណ្ណតាម និងការដោះស្រាយទំនាស់ដីធ្លី ជាពិសេសដីពាក់ព័ន្ធតំបន់២ និងតំបន់៣នៃបឹងទន្លេសាប ដីព្រៃឈើនិងតំបន់ការពារធម្មជាតិវប្បធម៌, ពង្រឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធប្រកបដោយប្រសិទ្ធភាព និងពន្លឿនការដោះស្រាយបណ្ដឹងនៅតុលាការ និងការកាត់ក្តីប្រកបដោយយុត្តិធម៌ កាត់បន្ថយនូវការកកស្ទះសំណុំរឿងដោយ ឈរលើគោលការណ៍ច្បាប់និងនីតិវិធីជាធរមាន ព្រមទាំងត្រូវគិតគូពីប្រយោជន៍រួមរបស់ប្រជាជននិងប្រយោជន៍ជាតិ អនុវត្តតាមអភិក្រម «ដោះស្រាយបញ្ហា និងមិនបង្កើតបញ្ហា» ក្នុងគោលដៅបង្កើនជំនឿទំនុកចិត្តពីប្រជាជន។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានរំលឹកពីអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃអង្គសនិ្នបាតទាំងមូល ត្រូវរួមកម្លាំងគ្នាឱ្យទៅជាកម្លាំងសរុប ឈរលើផ្លូវតែមួយ ទិសដៅតែមួយ ខិតខំប្រឹងប្រែងបន្តអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ សកម្ម និងបុរេសកម្ម ដោយយក «ស្មារតីខ្វល់ខ្វាយពីប្រជាជន បម្រើប្រជាជនដោយស្មោះត្រង់ ដែលនេះគឺជាក្តីសង្ឃឹម និងការចង់បានរបស់ប្រជាជន ក៏ដូចជារបស់រាជរដ្ឋាភិបាល»ដើម្បីសម្រេចចក្ខុវិស័យដ៏មានមហិច្ឆតារបស់កម្ពុជា។ នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានឧបត្ថម្ភប្រេងចំនួន ១០០០០លីត្រ ជូនដល់គណៈបញ្ជាការឯកភាពខេត្ត និងបានផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ធំផងដែរ៕ អត្ថបទលោក ធូ កែវមុន្នី