អនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបល្ល័ង្ក បាននាំយកអំណោយមនុស្សធម៌ ជូនគ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុង

0

(កំពង់ធំ)÷ លោកស្រី ឃួន ឡេ អភិបាលរងស្រុក និងជាតំណាងលោក វណ្ណៈ សោភានិត ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបល្ល័ង្ក លោក ជិន ហ៊ីន មេឃុំសាលាវិស័យ មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ និងមន្រ្តីប្រចាំការអនុសាខាស្រុក បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបល្ល័ង្ក ទៅប្រគល់ជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន០១គ្រួសារ បណ្ដាលឱ្យខូចខាតទាំងស្រុង មូលហេតុដោយសារភ្លើងចង្ក្រានរាលមកឆេះផ្ទះតែម្តង។

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោក ជិន ហ៊ីន មេឃុំសាលាវិស័យ បានបញ្ជាក់ថា គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះមានឈ្មោះ ស៊ឹង ធន ភេទប្រុសអាយុ៨៦ឆ្នាំ ត្រូវជាឪពុកឈ្មោះ ពាន់ សួយ ភេទស្រី អាយុ៦៣ឆ្នាំ ត្រូវជាកូន អគ្គិភ័យឆេះផ្ទះសង់ពីឈើប្រក់ស័ង្កសីទំហំ៥ម៉ែត្រx៦ម៉ែត្រ ឆេះអស់ទាំងស្រុង ស្ថិតនៅភូមិខ្មាក់ ឃុំសាលាវិយ័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលហេតុការនេះកើតឡើងកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២រសៀល។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកស្រីអនុប្រធានអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក”ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។

បន្ថែមក្នុងពេលនោះដែរលោកស្រីអនុប្រធានអនុសាខា សូមឱ្យបងប្អូនទាំងអស់រស់នៅប្រកបដោយអនាម័យជានិច្ចទាំងការហូបស្អាត ផឹកស្អាត សម្រាកក្នុងមុងជាប្រចាំដើម្បីចៀសផុតពីជម្ងឺផ្សេងៗ និងសូមប្រុងប្រយ័ត្នខ្ពស់ទៅនឹងការត្រៀមបង្ការគ្រោះមហន្តរាយដែលអាចកើតមានគ្រប់ពេល គ្រប់វេលាដូចជាករណី អគ្គីភ័យ រន្ទះបាញ់ ខ្យល់កន្រ្ដាក់ ទឹកជំនន់ និងគ្រោះថ្នាក់ផ្សេងៗ ពិសេសចំពោះករណីភ្លើងឆេះផ្ទះ ដូចករណីគួរឱ្យសោកស្ដាយនេះ សូមប្រយ័ត្នប្រយែងឱ្យបានខ្ពស់។

សូមបញ្ជាក់ផងដែរថា សម្ភារៈនិងអំណោយមនុស្សធម៌ដែលអនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបល្ល័ង្ក បានផ្តល់ជូនគ្រួសាររងគ្រោះរួមមាន៖ ថវិកា ២៥៥.០០០រៀលអង្គរ៥០គីឡូក្រាម មី០១កេស ទឹកសុទ្ធ០៤យួរ ទឹកត្រី០១យួ ទឹកស៊ីអ៊ីវ០១យួរ ឆ្នាំងបាយ២ ចាន៦ ស្លាបព្រា១ឡូ វែក២ ភួយ២ មុង១ កន្ទេល១ សារុង២ ក្រមា១ផងដែរ។ អត្ថបទវេហាស៍