សៀមរាប:រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីបេីកសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការអនុវត្តការងាររបស់ គ.ក.ស.ក ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារ នៃក្រុមប្រឹក្សាខេត្ត លោកស្រី ម៉ននី រងី្ស អភិបាលរង ខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីអស់លោក លោកស្រីជាសមាជិកគ.ក.ស.កខេត្ត . ក្រុង ស្រុក និង គ.ក.ន.ក ឃុំ សង្កាត់ តំណាងអង្គការជាដៃគូ ប្រមាណជា២០០នាក់ចូលរួម។
មានប្រសាសន៍ក្នុងពិធីនេះលោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក ខេត្ត បានបញ្ជាក់ថា សិក្ខាសាលានេះនឹងផ្ដល់នូវបទពិសោធន៍ល្អៗ ដល់សិក្ខាកាមក្នុងការយកទៅអនុវត្តក្នុងឆ្នាំបន្ត ហើយក៏ជាកម្លាំងចលករជម្រុញឲ្យមានការអភិវឌ្ឍនៅថ្នាក់ក្រោមជាតិ នងលើកកម្ពស់សមភាពយេនឌ័រ ស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះនៅមូលដ្ឋាន។ ម្យ៉ាងទៀត សិក្ខាសាលានេះ និងឆ្លុះបញ្ចាំងក្នុងការផ្តល់ឱកាសឲ្យអ្នកចូលរួមទាំងអស់មានទំនាក់ទំនង និងសហការគ្នាក្លាយជាធ្លុងមួយក្នុងការលើកកម្ពស់ព្រមទាំងជំរុញការបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់ អាចដល់ស្រ្តី។
មានប្រសាសន៍បើកអង្គសិក្ខសាលានោះលោកស្រី ម៉ននី រងី្ស បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបតាមតម្រូវការ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ពិសេសស្ត្រីនិងកុមារ ប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គមក្នុងក្របខណ្ឌ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្នុងបរិបទដែលប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា បាននឹងកំពុងអាស្រ័យផល ពីសន្តិភាព សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងស្ថេរភាពនយោបាយ ដែលបានផ្តល់ឱកាសឲ្យយើងទាំងអស់គ្នាបានចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យជាបន្តបន្ទាប់។ លោកស្រីបានបន្តថា គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្ត (គ.ក.ស.ក) គឺជាគណៈកម្មាធិការដ៏មានសារៈសំខាន់មួយក្នុងចំណោមគណៈកម្មាធិការទាំងបីរបស់ក្រុមប្រឹក្សាខេត្ត ដែលត្រូវបានបង្កើតឡើង ក្នុងគោលបំណងដើម្បីផ្តល់យោបល់ និង លើកជាអនុសាសន៍ជូនក្រុមប្រឹក្សា គណៈអភិបាល និងគណៈកម្មាធិការដទៃទៀតរបស់ក្រុមប្រឹក្សាលើបញ្ហាពាក់ព័ន្ធនឹងសមភាព យេនឌ័រ បញ្ហាស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះដែលស្ថិតនៅក្នុងអំណាចមុខងារ និង ភារកិច្ចរបស់ក្រុមប្រឹក្សា។ គ.ក.ស.ក មានតួនាទី ភារកិច្ចសម្របសម្រួល ពិគ្រោះយោបល់ ផ្តល់ប្រឹក្សា ពិនិត្យតាមដាន ជម្រុញ និងសហការដោះស្រាយនូវការងារទាំងឡាយពាក់ព័ន្ធនឹងសមភាពយេនឌ័រ ស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ សំដៅលើកកម្ពស់ការអភិវឌ្ឍស្ថានភាពស្ត្រី និងកុមារក្នុងខេត្ត។ លោកស្រី ម៉ននី រងី្ស បានបញ្ជាក់ទៀតថា ទន្ទឹមនឹងការរីកចម្រើនលើគ្រប់វិស័យ យើងសង្កេតឃើញថា ករណីរំលោភសេពសន្ថវៈលើកុមារ ការប្រើអំពើហិង្សាក្នុងគ្រួសារលើស្ត្រី និងកុមារ គ្រោះថ្នាក់ចរាចរណ៍ ការប្រើប្រាស់ និងករណីគ្រឿងញៀនជាដើម ។ ដូច្នេះសិក្ខាសាលានាថ្ងៃនេះនឹងឆ្លុះបញ្ចាំងនូវវឌ្ឍនភាព ចំណុចវិជ្ជមាន បញ្ហាប្រឈមទាក់ទងនឹងបញ្ហាសមភាពយេនឌ័រ បញ្ហាស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ មេរៀនបទពិសោធន៍ និងការបោះជំហានទៅមុខប្រកបដោយភាពស្វាហាប់ ក្នុងការបំពេញមុខងារភារកិច្ចរបស់ គ.ក.ស.ក ខេត្ត គ.ក.ស.ក ក្រុង-ស្រុក គ.ក.ន.ក ឃុំ-សង្កាត់ ក្នុងការលើកកម្ពស់ស្ថានភាពស្ត្រី និងកុមារ ក្នុងមូលដ្ឋានខេត្តសៀមរាប សម្រាប់ឆ្នាំ២០២៤ និងទិសដៅ អនុវត្តបន្តនៅឆ្នាំ២០២៥ខាងមុខ ។ អង្គសិក្ខាសាលានេះនឹងផ្តល់ឱកាសជូនលោក លោកស្រី ចូលរួមពិនិត្យ និងឆ្លុះបញ្ចាំងនូវការអនុវត្តគោលនយោ- បាយជាតិ កម្មវិធី និងផែនការយុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងកិច្ចគាំពារ សុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងកុមារ និងជនងាយរងគ្រោះ ដូចជា ផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ គោលនយោបាយជាតិគាំពារសង្គម(២០១៦-២០២៥) កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (ឆ្នាំ២០២១-២០៣០) និងការលើកកម្ពស់ សមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្ត្រីប្រកបដោយសមធម៌ និងបរិយាប័ន្នទាំងក្នុងការតែង តាំង ការគ្រប់គ្រងបុគ្គលិក ការរៀបចំផែនការអភិវឌ្ឍន៍ ៥ឆ្នាំ កម្មវិធីវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំ ការរៀបចំ និងចាត់ចែងថវិកាព្រមទាំងកម្មវិធីនានាដើម្បីធានាបញ្ហាសមភាពយេនឌ័រ បញ្ហាស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះត្រូវបានយកចិត្តទុកដាក់ដោះស្រាយ៕