យោធិននៃកងពលតូចអន្តរាគមន៍លេខ៩ ប្រមាណ២០០នាក់ ស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីយកទៅជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ នៅក្នុងមន្ទីរពេទ្យបង្អែក ១៦មករាខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៩ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ២០០នាក់ បានស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីយកទៅជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ នៅក្នុងមន្ទីរពេទ្យ ១៦មករា និងមន្ទីរសុខាភិបាលខេត្តព្រះវិហារ និងក៏ដើម្បីចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាបុណ្យជាតិ ៧មករា ( ៧មករា ១៩៧៩ – ៧មករា ឆ្នាំ២០២៥ ) នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ។

ពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ អមដំណើរដោយ លោកឧត្តមសេនីយ៍ទោ អ៊ូ ណារិន មេបញ្ជាការរង និងជានាយសេនាធិការ កងពលធំអន្តរាគមន៍លេខ៣ ដោយមានការចូលរួមពីមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូប និងក្រុមការងារក្រសួងសុខាភិបាល ប្រធានមន្ទីរ និងក្រុមមន្ត្រីជំនាញ​សុខាភិបាលខេត្តព្រះវិហារ មន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងប្រតិភូអមដំណើរ ផងដែរ។

មេបញ្ជាការរង និងជានាយសេនាធិការ កងពលតូចអន្តរាគមន៍លេខ៩ លោកឧត្តមសេនីយ៍ត្រី អាន់ លន បានថ្លែងថា ក្នុងនាមមេបញ្ជាការ មេបញ្ជាការរង នាយទាហាន និងពលទាហានទាំងអស់ សូមសម្តែងនូវមនោសញ្ចេតនារំភើបរីករាយឥតឧបមា នៅក្នុងពិធីបរិច្ចាគឈាម ដែលអង្គភាពបានរៀបចំ នាយ និងពលទាហានស្ម័គ្រចិត្តបរិច្ចាគឈាម មកពីបណ្តាការិយាល័យ កងឯកភាព និងវរសេនាតូច ចំណុះទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ សរុបចំនួន ២០០នាក់ (គ្រប់ចំនួនតាមការស្នើសុំ) និងបានត្រៀមកម្លាំងបម្រុងមួយចំនួនផ្សេងទៀត ក្នុងករណីចាំបាច់ជាក់ស្តែងណាមួយ ។

លោកឧត្តមសេនីយ៍ទោ អ៊ូ ណារិន បានបន្តថា អង្គភាពក៏បានរៀបចំចាត់តាំងក្រុមគ្រូពេទ្យ របស់ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងក្រុមគ្រូពេទ្យ របស់ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ដើម្បីសហការ និងជួយសម្របសម្រួល រាល់ការងារចាំបាច់នានា ជាមួយមន្ត្រីជំនាញសុខាភិបាលខេត្ត ក្នុងពេលប្រារព្ធពិធីបរិច្ចាគឈាមនេះ រហូតដល់បញ្ចប់ពិធី ផងដែរ។

អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានថ្លែងកោតសរសើរយ៉ាងក្រៃលែង ចំពោះវីរភាពអង់អាចក្លាហាន របស់នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចអន្តរាគមន៍លេខ៩ ដែលបានបូជាអាយុជីវិត សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ជាតិ សាសនា ព្រះមហាក្សត្រ និងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសបំផុតក្នុងថ្ងៃនេះ លោកមេបញ្ជាការ មេបញ្ជាការរង នាយទាហាន និងពលទាហានទាំងអស់ ក៏បានស្ម័គ្រចិត្តបរិច្ចាគឈាមស្រស់ៗ សម្រាប់ជួយសង្គ្រោះដល់ប្រជាជនគ្រប់រូប គ្រប់មជ្ឈដ្ឋាន គ្រប់ឋានៈ វណ្ណៈ មិនប្រកាន់ពូជសាសន៍ ដោយក្តីស្រឡាញ់ពេញបេះដូង និងស្មើជីវិត៕ដោយ៖ឡុង សំបូរ