(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការីទៅពិនិត្យមើលការឈូសឆាយផ្លូវ ការជីកអណ្ដូងទឹក និងសំណេះសំណាលសាកសូរសុខទុក្ខជាមួយក្រុមគ្រួសារអតីតយុទ្ធជនចំនួន៦៥គ្រួសារ ដែលទើបមករស់នៅថ្មីនៅលើដីសម្បទានសង្គមកិច្ច ព្រមទាំងបានឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជនចំនួន២០គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយបានការយកចិត្តទុកដាក់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម កន្លងមកនេះ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត លោកបានផ្ដល់ជូនអតីតយុទ្ធជនចំនួន១៤១គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត មានផ្ទះមួយខ្នងទំហំ៥ម៉ែត្រ គុណនឹង៧ម៉ែត្រ ព្រមទាំងបានផ្ដល់ដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារចំនួន ១ហិកតាកន្លះ ជូនដល់បងប្អូនក្រុមគ្រួសារមានរយៈពេលជាង៣ឆ្នាំកន្លងមកហើយ។ ដោយឡែកបច្ចុប្បន្ននេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លោកបានផ្ដល់ផ្ទះចំនួន៦៥ខ្នង និងដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារ ១ហិកតា ជូនដល់ក្រុមគ្រួសារតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន៦៥គ្រួសារថ្មីទៀត ដែលកំពុងដំណើរការសាងសង់បាន៩០ %ហើយ ហើយបច្ចុប្បន្នបងប្អូនអតីតយុទ្ធជនយើងចំនួន៩៥ %បានមករស់នៅជាបន្តបន្ទាប់នៅថ្ងៃនេះ។
នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខ និងត្រួតពិនិត្យការឈូសឆាយផ្លូវ ជីកអណ្ដូងទឹកនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន២០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥ គីឡូក្រាម មីជាតិចំនួនមួយកេស ត្រីខកំប៉ុងចំនួនមួយយួរ និងទឹកត្រីទឹកស៊ីអ៊ីវចំនួនមួយយួរផងដែរ។
អតីតយុទ្ធជន ដែលបានមករស់នៅលើដីសម្បទានសង្គមកិច្ច បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាតជូនពួកគាត់គ្រប់បែបយ៉ាងនាពេលកន្លងមក និងសូមគោរពជូនពរសម្ដេច និងLorraine សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។ អត្ថបវេហាស៍