សៀមរាប៖ អង្គសិក្ខាសាលា ឆ្លុះបញ្ចាំងលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់គណៈកម្មាធិការព្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប ដែលបានដំណើរការទៅមួយថ្ងៃពេញទទួលបានលទ្ធផលជាផ្លែផ្កាតាមកម្មវិធីដែលបានគ្រោងទុក ក្រោមអធិបតីភាពឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ត្រូវបានបិទនៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ។
មានប្រសាសន៍បិទអង្គសិក្ខាសាលានាឱកាសនោះ ឯកឧត្តម តោ គឹមស៊ាន បានមានប្រសាសន៍ថា អង្គសិក្ខាសាលានេះពិតជាទទួលបានធាតុចូល និង បទពិសោធន៍ថ្មីៗ បន្ថែមទៀត នូវចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងនីតិវិធីដោះស្រាយបញ្ហាទាំងនោះ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់ស្ត្រី យុវជន កុមារ និងជនងាយរងគ្រោះ ជាពិសេសបានអនុវត្តផែនការ កិច្ចការពារកុមារ ព្រមទាំងបង្កើនភាពអង់អាចដល់ស្ត្រីឲ្យកាន់តែល្អប្រសើរ ។ ម៉្យាងទៀតអង្គសិក្ខាសាលា ក៏បានចែករំលែកនូវបទពិសោធន៍នៃការអនុវត្តតួនាទីភារកិច្ច របស់ (គ.ក.ស.ក) នៃរដ្ឋបាលក្រុង-ស្រុក និង ( គ.ក.ន.ក) ឃុំសង្កាត់ ។ ឯកឧត្តមបានបន្តទៀតថា ដើម្បីជាមូលដ្ឋានសម្រាប់លើកជាយោបល់ និង អនុសាសន៍ ជូនក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ក្នុងការផ្តល់ការគាំទ្រដល់ការពង្រឹងភាពអង់អាចដល់ស្ត្រីជាអ្នកដឹកនាំ និងជម្រុញឲ្យការងារពាក់ព័ន្ធលើកកម្ពស់សមភាពយេនឌ័រ ស្ត្រី យុវជន កុមារ និងជនងាយរងគ្រោះ ឈានឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមសង្ឃឹម និងជឿជាក់ថា រដ្ឋបាលថ្នាក់ក្រោមជាតិ នឹងមានភាពងាយស្រួល ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបន្ថែមមួយកម្រិតទៀត ព្រមទាំងធានានូវប្រសិទ្ធភាព តម្លាភាព អព្យាក្រឹត្យ សមធម៌ និរន្តរភាពការងារ និង ធានាបាននូវអត្ថប្រយោជន៍នានា ។ ឯកឧត្តមបានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តសៀមរាប ឯកឧត្តមសូមទទួលយកនូវមតិយោបល់ និងសំណូមពរដែលបានលើកក្នុងកិច្ចប្រជុំនេះយកទៅធ្វើការពិនិត្យ ពិចារណារកដំណោះស្រាយ និង ផ្ដល់ការគាំទ្របន្តទៀត ដល់ការងារអនុវត្តមុខងារភារកិច្ចរបស់ គ.ក.ស.ក ខេត្ត គ.ក.ស.កក្រុង-ស្រុក គ.ក.ន.កឃុំ-សង្កាត់ ពិសេសការអភិវឌ្ឍសមត្ថភាពដល់ស្ត្រី បង្កើនថែមទៀតនៅអត្រានៃការចូលរួមរបស់ស្ត្រីជាអ្នកធ្វើសេចក្តីសម្រេច ទាំងក្នុងវិស័យនយោបាយវិស័យមុខងារសាធារណៈ ព្រមទាំងជំរុញការលើកកម្ពស់ការអភិវឌ្ឍន៍វិស័យសេវាសង្គម ។ ឯកឧត្តម តោ គឹមស៊ាន សង្ឃឹមជឿជាក់ថា សិក្ខាសាលានាថ្ងៃនេះ បានរកឃើញនូវធាតុចូលសំខាន់ៗ មួយចំនួនបន្ថែមទៀត ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញនូវចំណុចខ្លាំង ចំណុចខ្វះខាត បទពិសោធន៍ អនុសាសន៍ ដើម្បីយកទៅអនុវត្តបន្តឆ្នាំ២០២៥នេះ ឲ្យកាន់តែមានប្រសិទ្ធភាព និង សម្រេចបានជោគជ័យតាមផែនការដែលបានគ្រោងទុក ។ ឯកឧត្តមបានផ្តាំផ្ញើដល់ អង្គការដៃគូអភិវឌ្ឍន៍ និង អង្គការសមាគមនានា សូមបន្តកិច្ចសហការ និងគាំទ្រទាំងបច្ចេកទេស និងថវិកាដល់ (គ.ក.ស.ក)ខេត្ត ក្រុង ស្រុក និង (គ.ក.ន.ក)ឃុំសង្កាត់ ក្រុមការងារលើកកម្ពស់វិស័យសេវាសង្គម និងក្រុមការងារកិច្ចការពារកុមារខេត្ត ក្នុងការបំពេញមុខងារ ភារកិច្ច របស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព៕