មន្ត្រីជលផល ចុះពិនិត្យការលក់ដូរគ្រឿងសមុទ្រ នៅខេត្តកែប

0

ខេត្តកែប: មន្រ្តីជំនាញជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប បានចុះត្រួតពិនិត្យការដាក់លក់គ្រឿងសមុទ្រនៅក្នុងផ្សារក្តាម ជាពិសេសក្តាមសេះតែម្តង ការចុះពិនិត្យនេះ បន្ទាប់ពីមន្រ្តីជំនាញចុះទៅជួបជាមួយប្រជាពលរដ្ឋ ដែលជាអ្នកនេសាទ ក្រុងកែប ខេត្តកែប ក្រោយពីក្រុមអ្នកនេសាទទាំងនោះ លើកឡើងថាមានឈ្មួញលួចនាំចូលក្តាមពីប្រទេសវៀតណាមហួសហេតុ ធ្វើឲ្យតម្លៃក្តាមដែលពួកគាត់ខំរកមកនោះលក់បានតម្លៃទាប។

ពេលជួបជាមួយមន្ត្រីជំនាញ ក្រុមប្រជាពលរដ្ឋបានលើកឡើងថា រយៈពេលជាង​ ១ឆ្នាំមកនេះមានការនាំចូលក្តាមមកពីបណ្តាប្រទេសជិតខាង ជាហេតុធ្វើឲ្យក្តាមដែលអ្នកនេសាទរកបានធ្លាក់ថ្លៃពី​ ៣ម៉ឺនរៀល មកត្រឹមជាង១ម៉ឺនរៀល ក្នុងមួយគីឡូក្រាម​ (ក្តាមមិនទាន់ញែកទំហំ)។ អ្នកនេសាទបន្តថា ក្តាមសេះដែលនាំចូលពីវៀតណាមមានទំហំធំៗជាងក្តាមក្នុងសមុទ្រកែប ជាហេតុធ្វើឱ្យការប្រកួតប្រជែងមានភាពពិបាកខ្ពស់។

ស្រីពៅ ដែលជាអាជីវករលក់គ្រឿងសមុទ្រនៅផ្សារក្តាម បានឱ្យដឹងថា ក្តាមសេះដែលអ្នកស្រីកំពុងលក់នេះ ប្រមូលទិញផ្ទាល់ពីអ្នកនេសាទនៅផែក្តាមជាប់ផ្សាររាត្រី ខេត្តកែប អ្នកស្រីបញ្ជាក់ដែរថា ការឲ្យតម្លៃក្តាមទៅតាមទំហំរបស់ក្តាម បើក្តាមធំភាគច្រើនអ្នកស្រីទិញពីអ្នកនេសាទក្នុងតម្លៃ ២៥.០០០រៀល ទៅ ៣០.០០០រៀល។ បើក្តាមមានទំហំតូចភាគច្រើនអ្នកស្រីទិញពីអ្នកនេសាទចន្លោះពី ១៥.០០០រៀល ទៅ ២០.០០០រៀល។ ពេលប្រមូលទិញរួចហើយ ទើបអ្នកស្រីយកមកបែងចែងទៅតាមទំហំលេខ១ (៥-៦-៧ក្តាមស្មើរ១គ.ក) លេខ២ (៨-១០ក្តាមស្មើរ១គ.ក) និងលេខ៣ ទើបលើកមកលក់នៅផ្សារ។

ចំណែកលោក បូ ថា ជាអាជីវករមួយរូបទៀតក៏លើកឡើងស្រដៀងគ្នាដែរថា តម្លៃក្តាមខ្ពស់ ឬ ទាប ទៅតាមទំហំរបស់ក្តាម តែក្នុងរដូវបុណ្យទានការទិញចូលក្តាមពីអ្នកនេសាទក៏ថ្លៃដែរ អាចចន្លោះ ៣០.០០០រៀល ទៅ ៣៥.០០០រៀល ក្នុងមួយគីឡូក្រាម (ក្តាមមិនទាន់ញែកទំហំ)។

លោក ភឿន ផល្លា នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកែប បានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី១៥ខែមករា ឆ្នាំ២០២៥ ថា កន្លងមក មន្រ្តីជំនាញបានចុះជួបជាមួយអ្នកនេសាទស្វែងយល់ពីទុក្ខលំបាក និងសំណូមពរ ក្នុងនោះលោកបានដឹកនាំមន្រ្តីជំនាញ ជាមួយអាជ្ញាធរក្រុងកែប ចុះសិក្សាការលក់ដូររបស់អាជីវករ ក្រោយការសួរនាំក្រុមអាជីវករក្នុងផ្សារក្តាម សុទ្ធតែលក់ក្តាមដែលទិញពីទូកអ្នកនេសាទផ្ទាល់ តែដោយសារទំហំ​ និងផលក្តាមច្រើន ទើបតម្លៃក្តាមមួយរយៈនេះថ្លៃមិនដូចចិត្តរបស់អ្នកនេសាទ។

លោកបញ្ជាក់ដែរថា កន្លងទៅក៏ធ្លាប់មានការធ្លាក់ថ្លៃ​ ដោយមានការលួចនាំយកផលក្តាមសេះពីតំបន់ដទៃយកលក់មែន តែក្នុងចំនួនតិចតូចប៉ុណ្ណោះ។ យ៉ាងណាលោកសំណូមពរដល់បណ្តាអាជីវករទាំងអស់ ត្រូវថែរក្សាកេរ្តិ៍ឈ្មោះក្តាមកែប ឱ្យនៅគង់វង្សតាមរយៈលក់ផលក្តាមដែលនេសាទបានដោយអ្នកនេសាទក្នុងខេត្តរបស់យើង៕ សេង ណារិទ្ធ