ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាកក្រោម បានណែនាំដល់រដ្ឋបាលឃុំត្រូវផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សតម្លាភាព និងគណនេយ្យភាពថែមទៀត

0

(កំពង់ធំ)÷ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជានិងជា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ បានមានប្រសាសន៍ដូច្នេះ នៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណៈរាជរដ្ឋាភិបាល នៅក្នុងឃុំចំណាក្រោម កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។

ជាមួយនេះផងដែរឯកឧត្តម បានណែនាំដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកប្រតិបត្តិស្ទោង ត្រូវកំណត់គោលការណ៍ច្បាស់លាស់បន្ថែមទៀត ក្នុងការផ្តល់សេវារថយន្តសង្គ្រោះបន្ទាន់ ដើម្បីឆ្លើយតបនិងជួយសង្គ្រោះដឹកជញ្ជូន នៅពេលដែលមានការចាំបាច់និងមានការហៅសង្គ្រោះបន្ទាន់ពីសាធារណៈជន ជាពិសេសការជួយសង្គ្រោះបឋមនិងបន្ទាន់ដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ឬឧបទ្ទវហេតុផ្សេងៗ ដើម្បីទទួលបាននូវការជឿទុកចិត្តពីសាធារណៈជននិងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានថែមទៀត។

ទន្ទឹមនឹងនេះឯកឧត្តម បានអំពាវនាវដល់កសិករក្នុងស្រុកស្ទោងទាំងមូលឱ្យបង្កើតសហគមន៍កសិកម្មទំនើប ជាពិសេសសហគមន៍ស្រែប្រាំង ដែលប្រើប្រាស់ពូជស្រូវក្នុងស្រុកឬពូជសែនក្រអូប ដើម្បីធានាបាននូវទិន្នផលខ្ពស់ ហើយមានទីផ្សារលក់បានថ្លៃតាមកិច្ចសន្យា ដែលនឹងរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ជីវភាពនិងសេដ្ឋកិច្ចគ្រួសារកសិករនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

លើសពីនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំបន្ថែមទៀតដល់ អាជ្ញាធរឃុំចំណាក្រោម និងជំនាញពាក់ព័ន្ធត្រូវពិនិត្យនិងធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ ប្រកបដោយបច្ចេកទេស ប្រត្យក្សភាពនិងទំនួសខុសត្រូវខ្ពស់ ហើយត្រូវសិក្សាបន្ថែមទៀតពីប្រព័ន្ធធារាសាស្ត្រ ផ្លូវគមនាគមន៍ជាអាទិភាពនៅក្នុងមូលដ្ឋាន ដើម្បីដាក់ជូនក្រុមការងារ ក្នុងការជួយស្ថាបនាឬកែលម្អបន្ថែមទៀត ពីលើអ្វីដែលឃុំបានធ្វើរួចមកហើយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនិងសំណូមពរនិងជាការយកចិត្តទុកដាក់ដល់ ជីវភាពជាអទិភាពប្រជាពលរដ្ឋ។

លើសពីនេះទៀតលោក សាយ គឹមឡម បានអំពាវនាវដោយទទូច ដល់ប្រជាពលរដ្ឋនៅក្នុងឃុំចំណាលក្រោមក៏ដូចជាស្រុកស្ទោងទាំងមូល សូមកុំចាញ់បោកមេខ្យល់ និងពួកឆ្លៀតឱកាស ដែលបាន ញុះញង់បំផុសបំផុលក្នុងការ រុករានទន្ទ្រាននិងកាន់កាប់ដីព្រៃតំបន់បី ក្រៅពីតំបន់ដែលរាជរដ្ឋាភិបាលបានឆ្បៀលជូន ដែលផ្ទុយនឹងគោលការណ៍ គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងដីរដ្ឋនិងការពារធនធានធម្មជាតិជាពិសេសព្រៃលិចទឹក ដីតំបន់បី ជាជម្រកត្រីនិងជីវ:ចម្រុះនៅជុំវិញបឹងទន្លេសាប។

លោកអភិបាលស្រុកស្ទោង បានបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងទាំងបីនិងជំនាញពាក់ព័ន្ធ ត្រូវបន្តនិរន្តរភាពបង្ក្រាបក្មេងទំនើងនិងគ្រឿងញៀនឱ្យបានដូចភ្លៀងរលឹមដើម្បីធានានូវគោលការណ៍ភូមិឃុំមានសុវត្ថិភាពនិងផ្តល់សុខសុវត្តិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ អត្ថបទវេហាស៍