មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកប្រេងឥន្ធនៈ គ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងកម្លាំងចម្រុះ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទបល័ង្គ

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ ប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន និងឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ដែល​ជាជំនួយឧប​ត្ថម្ភ​ របស់​សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ តាមរយៈឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីប្រចាំការទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​ ម៉ៅ​ សុផាន់​ អគ្គមេបញ្ជាការ​រង​ នៃ​កងយោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កង​ទ័ព​ជើងគោក​ និង​ឯក​ឧត្ដម​នួន​ ផារ័ត្ន​ អភិបាល​ខេត្ត​កំពង់ធំ​ ជូនដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលតំបន់ជាំក្របី និងភ្នំប្រង់ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃបឹងពែរ ក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់​នៃកងយោធពលខេមរភូមិន្ទ​ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ ព្រមទាំងបានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំសហការគ្នាក្នុងការបំពេញភារកិច្ច ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នាពេលកន្លងទៅ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។

នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងចម្រុះ ត្រូវបន្តភារកិច្ចឲ្យដូចភ្លៀងរលឹម ដោយគ្មានការដកថយឡើយ ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តាមផែនការដែលបានប្រគល់ ឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ដាច់ខាតមិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋជាថ្មីទៀតបានឡើយ ហើយចំពោះផ្ទៃដីដែលបានរកឃើញដោយការលួចកាប់ទន្ទ្រានកន្លងទៅ ត្រូវធ្វើការគ្រប់គ្រងឲ្យបានហ្មត់ចត់ មិនឱ្យធ្លាក់ដល់ដៃជនណាមួយ ជាដាច់ខាត។ ចំពោះជនណាដែលនៅតែបន្តកាប់ទន្ទ្រានដីរដ្ឋយកធ្វើជាកម្មសិទ្ធិ ត្រូវចាប់ឃាត់ខ្លួន និងវត្តុតាង បញ្ជូនៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ជាធរមាន។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ប្រេងសាំងចំនួន ៤០០លីត្រ អង្ករចំនួន ២០០គីឡូក្រាម មីជាតិចំនួន ៦កេស ត្រីខចំនួន១៥យួរ និងទឹកត្រីទឹកស៊ីអ៊ីវចំនួន៤យួរ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីប្រចាំការទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​ ម៉ៅ​ សុផាន់​ អគ្គមេបញ្ជាការ​រង​ នៃ​កងយោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កង​ទ័ពជើងគោក និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ជូនដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលទាំង២គោលដៅ ផងដែរ។ អត្ថបទវេហាស៍